ភ្នំពេញ ៖ បណ្ឌិត កៅ មុយថង អ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានលើកឡើងក្នុងកិច្ចសម្ភាសន៍នៅថ្ងៃទី២៦ ខែវិច្ឆិកានេះថា ទំនាក់ទំនង «មិត្តភាពដែកថែប» កម្ពុជា-ចិន មិនត្រឹមតែជាចំណងមិត្តភាពដ៏ជិតស្និទ្ធក្នុងវិស័យការទូត នយោបាយ និងសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមូលដ្ឋានដ៏សំខាន់នៃភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រ ដែលផ្តល់នូវតម្លៃជាក់ស្តែងដល់ផលប្រយោជន៍សន្តិសុខជាតិរបស់កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពការពារជាតិ ការការពារអធិបតេយ្យភាព និងការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពជាតិ។
លោកបានបញ្ជាក់ថា សមយុទ្ធយោធារួមកម្ពុជា-ចិន ទោះបីជាមិនមានន័យថា ប្រទេសមួយផ្តល់ការធានាការពារផ្នែកយោធាដល់ប្រទេសមួយទៀតដោយស្វ័យប្រវត្តិក៏ដោយ ក៏សមយុទ្ធនេះជាសក្ខីភាពបង្ហាញពីទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ជាងនេះទៅទៀត សមយុទ្ធនេះមិនមែនគ្រាន់តែជាការហ្វឹកហ្វឺនកងទ័ព ឬការបង្ហាញសមត្ថភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែជាយន្តការជាក់ស្តែងសម្រាប់កងទ័ពនៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងវិធីសាស្ត្ររៀបចំប្រតិបត្តិការរួម។
«តាមរយៈការហ្វឹកហ្វឺនរួមនេះ កម្ពុជាមានឱកាសកសាងទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ព្រម ទាំងស្វែងយល់ពីរបៀបរៀបចំ និងសម្របសម្រួលប្រតិបត្តិការរវាងកងកម្លាំងជើងគោក ជើងទឹក និង ជើងអាកាស ព្រោះថា នៅក្នុងប្រតិបត្តិការជាក់ស្តែង ប្រសិទ្ធភាពបែបណានោះ មិនអាស្រ័យតែលើសមត្ថភាព របស់កងកម្លាំងនីមួយៗនោះទេ ប៉ុន្តែ អ្វីដែលមានសារៈសំខាន់ខ្លាំង គឺអាស្រ័យយ៉ាងសំខាន់លើសមត្ថភាពសហការគ្នា ការបញ្ជា និង គ្រប់គ្រងប្រតិបត្តិការ ការប្រើប្រាស់ឧបករណ៍បច្ចេកទេស ព្រមទាំង ការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលារវាងអង្គភាពពាក់ព័ន្ធ»។
លោក កៅ មុយថង បានសង្កត់ធ្ងន់ថា សមយុទ្ធយោធារួមកម្ពុជា-ចិន មិនគួរត្រូវ បានមើលឃើញត្រឹមតែជាសកម្មភាពហ្វឹកហ្វឺនយោធាប៉ុណ្ណោះទេ ប៉ុន្តែគួរត្រូវបានយល់ថា ជាយន្តការ មួយក្នុងការកសាងទំនុកចិត្ត ពង្រឹងសមត្ថភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេស ទាំងពីរ ដែលអាចរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
កម្ពុជានិងចិនបានរៀបចំពិធីបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ កាលពីថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងឧត្តមនាវីទោ Liu Sumin មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹកទីក្រុងក្វាងចូវ នៃកងទ័ពរំដោះប្រជាជនចិន។
បើតាមក្រសួងការពារជាតិ, សមយុទ្ធ «នាគមាសឆ្នាំ២០២៦» ជាសមយុទ្ធលើកទី៨ហើយរវាងកងទ័ពកម្ពុជា និងចិន ។ សមយុទ្ធនេះ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦។
ការធ្វើសមយុទ្ធ «នាគមាសឆ្នាំ២០២៦» មានទាំងលើគោក សមុទ្រ និងលើអាកាស ហើយមានទ្រង់ទ្រាយធំជាងសមយុទ្ធ៧លើកកន្លងទៅ ទាំងកម្លាំងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការប្រើយោទ្ធោបករណ៍៕

ប្រភព ៖ (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច