ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រណាំងទូកកីឡា​ករ​ទូក​«​ង​»​ពីរ​ក្រុម ផ្ទុះ​ហិ​ង្សា​របួសរៀងៗខ្លួន​សរុប​១១​នាក់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម ៖  នគរបាលបានឲ្យដឹងថា កន្លង​ទៅ​ថ្មី​ៗ មានកម្ម​វិធី​ប្រណាំងទូក​«​ង​» ដើម្បី​បង្កើត​ភាព​សប្បាយ​​រីករាយ បែរជាមានអំពើហិង្សា ហើយបាន​ក្លាយជា​ទុក្ខ​ទៅ​វិញ ។ ដោយ​ក្នុង​នោះ មាន​អ្នក​រង​របួសធ្ងន់ រហូត​ដល់​បែកក្បាល​ហូរ​ឈាម​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​អ្នក​បង្កហេតុ​មិន​ទាន់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ។

នគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ករណី​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​កីឡាករ​អុំទូក នៅ​ភូមិ​ព្រែក​កក់ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម រវាង​ក្រុម​កីឡាករ​ទូក​ឈ្មោះ «​ឧត្តម​នី​តេជៈ​សែន​ជ័យ​»  និង​ទូក​ឈ្មោះ «​បវរ​ធិ​បតី​សែន​ជ័យ​បារមី​អន្ទង់ស​» បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​សរុប​ចំនួន​១១ នាក់។ កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​រសៀល មាន​ពិធី​ប្រណាំងទូក​មួយ​នៅ​ចំណុច​ភូមិ​ព្រែក​កក់ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ក្នុង​ទិដ្ឋភាព​នោះ គេ​បាន​សង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​ចូលរួម​មើល​ការ​ប្រណាំងទូក​ដោយ​រីករាយ​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​ប្រមាណ​៤​និង​២០​នាទី​រសៀល ក្រោយ​ពេល​ប្រណាំង​ចប់ ទូក​ឈ្មោះ «​ឧត្តម​នី​តេជៈ​សែន​ជ័យ​» និង​ទូក​ឈ្មោះ «​បវរ​ធិ​បតី​សែន​ជ័យ​បារមី​អន្ទង់ស​» បាន​ប៉ះ​គ្នា បង្ក​ឱ្យ​មាន​បាតុភាព​ប៉ះ ទង្គិច​គ្នា​កើតឡើង រវាង​ក្រុម​កីឡាករ​នៃ​ទូក​ទាំង​ពីរ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​សរុប​ចំនួន​១១​នាក់ (​ធ្ងន់​០៣​នាក់ និង​ស្រាល​/​មធ្យម​០៨​នាក់​)។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ដើម្បី​បំបែក​គូភាគី រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ចំណែក​​​អ្នក​របួស​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឯម វ​ឌ្ឍ​នា អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​វិញ​លើក​ឡើង​ថា ករណី​ខាងលើ​នេះ​កំពុង​តែ​ចាត់ការ​តាម​នីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖