ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តខែមិថុនា ឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កិច្ចប្រជុំនេះ ធ្វើនៅសាលប្រជុំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី ប្រធានលេខាធិការដ្ឋាននៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោក-លោកស្រី នាយករងមន្ទីរ នាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមរបាយការណ៍សង្ខេបស្តីពីស្ថានភាពទូទៅ និងលទ្ធផលការងារសំខាន់ៗរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញថា បច្ចុប្បន្នកម្លាំងជំនាញបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការងារបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ ជាពិសេស លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខែឧសភា ឆ្នាំ២០២៦ បានបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧០ករណី កើនឡើង ២៦ករណី ស្មើនឹង ១៨.០៥ភាគរយ បើប្រៀបធៀបនឹងខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពផ្ទៃក្នុង ការអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ការគោរពវិន័យកងកម្លាំងនគរបាលជាតិ និងការសហការល្អជាមួយបណ្តាប្រទេសជិតខាង និងដៃគូអន្តរជាតិ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងរួមគ្នាបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ស្របតាមគោលនយោបាយ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ។

ជាទីបញ្ចបលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្តេជ្ញាចិត្តបន្តពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ដោយ៖តារា


ចែករំលែក៖