ព័ត៌មានទាន់ហេតុការណ៍៖

បណ្ដឹងរវាងគ្រូបង្រៀននឹងពលរដ្ឋនៅសង្កាត់ស្នោបានឯកភាពគ្នាសម្រួលយោគយល់ត្រឹមអាជ្ញាធរខណ្ឌកំបូលលើលក្ខខណ្ឌ៥ចំណុច 

ចែករំលែក៖

ភ្នំពេញ៖ លទ្ធផលនៃការដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងករណីគ្រូបង្រៀន នៅសង្កាត់ស្នោ ខណ្ឌកំបូល ភាគីទាំងពីរ បានឯកភាពស្រុះស្រួលគ្នាតាមការសម្របសម្រួលរបស់លោកអភិបាលខណ្ឌកំបូល ។

នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនិងដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនៅទីតាំងជាក់ ស្តែងដោយមានការចូលរួមពីគូភាគីផងដែរ។ ផ្អែកតាមការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល គូភាគីបានឯកភាពគោរពតាមគោលការណ៍ចំនួន៥ចំណុច ដូចខាងក្រោម៖

ទី១.ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្សដែលមករៀនឱ្យមានសណ្តាប់ធ្នាប់ល្អ ។ ទី២.កែសម្រួលសំឡេងរំខានខាងក្នុងកុំឱ្យមានសំឡេងរំខានទៀត (យកក្រណាត់រុំជើងតុកៅអី) ។ ទី៣.ណែនាំសិស្សក្នុងពេលរៀនចប់ឱ្យប្រញាប់ត្រឡប់ទៅផ្ទះវិញ ។ ទី៤.ស្នើសុំឱ្យអ្នកជិតខាងមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ។ ទី ៥.អាជ្ញាធរសង្កាត់-ភូមិត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន។

រដ្ឋបាលខណ្ឌកំបូលក៏សូមបញ្ជាក់ជូនផងដែរថា រដ្ឋបាលខណ្ឌកំបូលតែងយកចិត្តទុកដាក់ក្នុងការសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹងនិងសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពុំមានការរើសអើងឬប្រកាន់និន្នាការនយោបាយណាមួយឡើយ។

សូមបញ្ជាក់ថា៖ តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើជាផ្ទះល្វែងបើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:០០នាទី ហើយនៅជាប់ជាមួយនឹងផ្ទះឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹងពុំមានចេតនាប្តឹងដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុច មួយចំនួនដែលរំខានដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ដោយមូលហេតុកន្លងមក សិស្សដែលមករៀនចតកង់ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្សដែលរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និងជិះកង់ម៉ូតូទៅវិញទៅមកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺប្រចាំកាយ និងមានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្កជាសំឡេងរំខាន ដែលកន្លងមក ឈ្មោះ ឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឱ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែក ឈ្មោះ ចាន់ សុភា ដែលជាគ្រូបើកទីតាំងបង្រៀនគួរក្រៅម៉ោងបានលើកឡើងថា កន្លងមកលោកក៏បានណែនាំដល់សិស្សដែលមករៀនគួរតាមសំណូមពររបស់ម្ចាស់បណ្ដឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឱ្យបាន ដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួនក៏ពុំស្តាប់តាមការណែនាំឡើយ។ មានការគាំទ្រ យន្តការដោះស្រាយជម្លោះនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ  ៕

ដោយ៖សំរិត


ចែករំលែក៖