ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីអំពាវនាវឱ្យមានការទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងរក្សាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណមក និងបានបញ្ជាក់ថា ឯកសណ្ឋាន សម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មិនមែនជាសម្លៀកបំពាក់ ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះទេ។
យោងសេចក្តីអំពាវនាវរបស់អន្តរក្រសួង បានបញ្ជាក់ថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សា ការពារ វប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។
នាពេលកន្លងមក ប្រជាជនយើងមួយចំនួនបានប្រារព្ធពិធីភ្ជាប់ពាក្យ កូនចៅ ដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងពិធីនេះហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការផងដែរ។ ការរៀបចំពិធីបែបនេះបាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណយើងទេ ព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ ក្នុងពិធីមង្គលការនោះដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា សូមបញ្ជាក់ជូនសាធារណជនថា ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ ឬមង្គលការគឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ ដោយបែងចែកដាច់ពីគ្នារវាងពិធីភ្ជាប់ពាក្យ និងពិធីមង្គលការ។
អត្ថន័យពិធីភ្ជាប់ពាក្យ (ឬស្តីដណ្តឹង)៖ គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ។ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់ បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត(បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ ឯសាមីខ្លួនប្រុសស្រី មិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។
ខ្លឹមសារកិច្ចសំពះផ្ទឹម និងចងដៃ៖ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណី តរៀងទៅ។ ប្រពៃណីទំនៀមទម្លាប់បុរាណខ្មែរយើង គ្មានកិច្ចសំពះផ្ទឹមចងដៃនៅក្នុងថ្ងៃស្តីដណ្តឹងភ្ជាប់ពាក្យនោះទេ ហើយការអនុវត្តរបស់ប្រជាជនមួយចំនួនកន្លងមក មិនស្របតាមលំអានក្បួនប្រពៃណី ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដើម នៃពិធីមង្គលការខ្មែរយើង។
ជាមួយគ្នានេះការប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏ជាសកម្មភាពគួរចៀសវាង ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការ និងការបំពេញការងារ ដែលរបៀបប្រើប្រាស់ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យ ស្តីពីសញ្ញាស័ក្តិ និងឯកសណ្ឋាននៃសមាជិករាជរដ្ឋាភិបាល និងអនុរដ្ឋលេខាធិការ និងព្រះរាជក្រឹត្យស្តីពីរូបសញ្ញារដ្ឋបាល សញ្ញាស័ក្តិ និងឯកសណ្ឋានមន្ត្រីនៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីក្រមការ ព្រមទាំងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា សូមអំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធី អាពាហ៍ពិពាហ៍ទៅតាមលំអានក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងសូមពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ឱ្យត្រូវទៅតាមប្រភេទពិធី។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនផ្តល់សេវាកម្មនិងអ្នកពាក់ព័ន្ធ សាធារណជនទូទៅ និងបងប្អូនប្រជាពលរដ្ឋដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ កូនចៅ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិយើងឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕


ដោយ៖សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច