និយ័តករប្រកួតប្រជែងរបស់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ បានប្រកាសដាក់ពិន័យក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Coupang ចំនួន ៣០០,៩ ពាន់លានវ៉ុន (ប្រមាណ ២២០,៥៩ លានដុល្លារអាមេរិក) ពីបទប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួនដោយមិនត្រឹមត្រូវក្នុងវិស័យដឹកជញ្ជូនអាហារ។
គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (FTC) បានឱ្យដឹងថា Coupang បានតម្រូវឱ្យភោជនីយដ្ឋាន និងអាជីវករលក់អាហារ ផ្តល់លក្ខខណ្ឌពិសេសដូចគ្នានឹងការផ្តល់ជូននៅលើវេទិកាប្រកួតប្រជែងផ្សេងទៀត។ អ្នកដែលមិនអនុវត្តតាមត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងទីផ្សារកម្មវិធីដឹកជញ្ជូនអាហារ។
តាមការបញ្ជាក់របស់ FTC លក្ខខណ្ឌទាំង ៦ ដែល Coupang តម្រូវឱ្យភោជនីយដ្ឋានអនុវត្ត រួមមាន តម្លៃមុខម្ហូប ចំនួនទឹកប្រាក់បញ្ជាទិញអប្បបរមា ការបញ្ចុះតម្លៃ និងថ្លៃដឹកជញ្ជូន។ ភោជនីយដ្ឋានដែលមិនគោរពតាមអាចបាត់បង់សិទ្ធិទទួលបានស្លាកសញ្ញាពិសេស ដែលអនុញ្ញាតឱ្យពួកគេផ្តល់ការបញ្ចុះតម្លៃ និងការដឹកជញ្ជូនឥតគិតថ្លៃដល់អតិថិជនដែលជាសមាជិកបង់ប្រាក់របស់ Coupang។
និយ័តករបានឱ្យដឹងថា ភាគរយភោជនីយដ្ឋានដែលបំពេញតាមលក្ខខណ្ឌទាំងនេះ បានកើនឡើងពីប្រមាណ ១៣% នៅខែកក្កដា ឆ្នាំ២០២៣ ដល់ជិត ៩៤% នៅខែតុលា ឆ្នាំ២០២៥។
ក្រៅពីនេះ FTC ក៏បានពិន័យក្រុមហ៊ុន Woowa Brothers ដែលជាប្រតិបត្តិករកម្មវិធីដឹកជញ្ជូនអាហារគូប្រជែង Baemin ចំនួន ៣៣១,១ ពាន់លានវ៉ុន ដោយសារការអនុវត្តស្រដៀងគ្នា។
Woowa Brothers បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានពន្យល់ទៅកាន់ FTC ថា សកម្មភាពរបស់ខ្លួនមិនខុសច្បាប់នោះទេ ហើយសោកស្តាយដែលអំណះអំណាងរបស់ខ្លួនមិនត្រូវបានពិចារណាយ៉ាងពេញលេញ។ ក្រុមហ៊ុនបន្ថែមថា នឹងពិនិត្យសេចក្តីសម្រេចនេះឱ្យបានលម្អិត។
ចំណែក Coupang បានចាត់ទុកថា ការផាកពិន័យនេះមានទំហំហួសហេតុ ដោយខ្ពស់ជាងការផាកពិន័យក្នុងករណីស្រដៀងគ្នាមួយកាលពីឆ្នាំ២០២០ រហូតដល់ជាង ៦០០ ដង។ ក្រុមហ៊ុនក៏បានចោទថា FTC បានបញ្ចូលប្រាក់ចំណូលដែលមិនពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានចោទប្រកាន់ ក្នុងការគណនាទំហំប្រាក់ពិន័យ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិការពារខ្លួនរបស់ក្រុមហ៊ុន។ Coupang បានបញ្ជាក់ថា ខ្លួននឹងប្តឹងតវ៉ាតាមនីតិវិធីច្បាប់។
សេចក្តីសម្រេចនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាង Coupang ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសហរដ្ឋអាមេរិក និងអាជ្ញាធរកូរ៉េខាងត្បូង។ កាលពីខែមិថុនា អាជ្ញាធរកូរ៉េខាងត្បូងបានពិន័យក្រុមហ៊ុននេះចំនួន ៦២៤ ពាន់លានវ៉ុន ពាក់ព័ន្ធនឹងការលេចធ្លាយទិន្នន័យកាលពីឆ្នាំ២០២៥ ដែលប៉ះពាល់ដល់អតិថិជនជាង ៣៣ លាននាក់។
Coupang បានជំទាស់នឹងការរកឃើញ និងវិធានការដោះស្រាយរបស់រដ្ឋាភិបាលក្នុងករណីនោះ ខណៈសមាជិកសភាគណបក្សសាធារណរដ្ឋអាមេរិកមួយចំនួនបានចោទប្រកាន់ទីក្រុងសេអ៊ូលថា មានការរើសអើងចំពោះក្រុមហ៊ុនអាមេរិក។ ទោះជាយ៉ាងណា មន្ត្រីកូរ៉េខាងត្បូងបានបដិសេធការចោទប្រកាន់នេះ។
Coupang ក៏បានរក្សាសកម្មភាពបញ្ចុះបញ្ចូល និងទំនាក់ទំនងនយោបាយយ៉ាងទូលំទូលាយនៅទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយផ្តល់ការគាំទ្រដល់ឥស្សរជននយោបាយមកពីគណបក្សទាំងពីរ។
កំណត់ត្រារបស់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាមេរិក (FEC) បង្ហាញថា គណៈកម្មាធិការសកម្មភាពនយោបាយរបស់ក្រុមហ៊ុនដែលមានឈ្មោះថា COUPAC បានផ្តល់ថវិកាប្រមាណ ៣៧៩.០០០ ដុល្លារ ដល់បេក្ខជនសភា និងគណៈកម្មាធិការនយោបាយផ្សេងៗ ចាប់ពីដើមឆ្នាំ២០២៥ រហូតដល់ខែកញ្ញា ឆ្នាំ២០២៦។
កំណត់ត្រាថ្មីៗក៏បង្ហាញពីការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់ក្រុមហ៊ុនលើការកសាងទំនាក់ទំនងជាមួយគណបក្សប្រជាធិបតេយ្យ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ខណៈ COUPAC នៅតែបន្តគាំទ្រគណបក្សសាធារណរដ្ឋផងដែរ៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច