ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក  អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ លូ គូសបញ្ជាក់ថា ថ្ងៃនេះ ជាទិវាប្រកបដោយមហានក្ខត្តឫក្សអធិកអធម និងជាទិវាប្រវត្តិសាស្ត្រដែលប្រជានុរាស្ត្រខ្មែរទូទៅ មានព្រះសង្ឃ មន្ត្រីរាជការ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស និស្សិត មានក្តីសោមនស្សរីករាយឥតឧបមា និងមោទនភាពក្រៃលែងដោយមានកិត្តិយសដ៏ខ្ពង់ខ្ពស់ប្រារព្ធមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា-២០២៦) ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្ដើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យដ៏ពិតប្រាកដ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នៃយើងទាំងអស់គ្នា។

ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លានូវគំរូវីរភាពរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលីកម្មអាយុជីវិត៊យ៉ាងអង់អាចក្លាហានបំផុតក្នុងបុព្វហេតុសង្គ្រោះជាតិមាតុភូមិយ៉ាងពិតប្រាកដពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្ស និងគ្រោះភ័យផ្សេងៗព្រមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង


ចែករំលែក៖