ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធ ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក) 

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបពាក់ព័ន្ធ ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (បើករថយន្តធ្លាក់ចូលស្រះទឹក) កើតហេតុនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៧ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ (២៨-២៩) ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បង្កឡើងដោយរថយន្ត ម៉ាក MITSUBISHI ប្រភេទដឹកអ្នកដំណើរ(២៥កៅអី) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5603 បើកបរដោយឈ្មោះ ម៉ែន ធារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

-អ្នករួមដំណើរ ចំនួន២៦នាក់ ប្រុស១២នាក់ ស្រី១៤នាក់ (ជាសិស្សសាលា)។
-ករណីនេះបណ្តាលឱ្យស្លាប់ចំនួន០៥នាក់ ភេទស្រី, របួសធ្ងន់ ចំនួន០៣នាក់ ស្រី០១នាក់ និងរបួសស្រាលចំនួន១៨នាក់ ស្រី០៨នាក់។

ចំពោះរថយន្តដឹកសិស្សខាងលើជារថយន្តឯកជន ដែលអាណាព្យាបាលសិស្សជួលដឹកសិស្សសាលាប៊ែលធីពីស្រុកពារាំង ខេត្តព្រៃវែង មករៀននៅសាលាប៊ែលធី សាខាព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។

ចំណែកអ្នកបើកបររថយន្តខាងលើ សមត្ថកិច្ចបានឃាត់ខ្លួន កំពុងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។

តាមការសន្និដ្ឋានជាបឋមពីសមត្ថកិច្ចជំនាញ៖ បណ្តាលមកពី អ្នកបើកបររថយន្ដបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្របពេលដែលមានម៉ូតូបើកឆ្លងកាត់ផ្លូវ ហើយរថយន្តបើកគេចទៅស្ដាំជ្រុលចង្កូតធ្លាក់ចូលស្រះទឹក។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ!៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖