ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្ញើសារថា ខ្ញុំ និងភរិយាព្រមទាំងក្រុមគ្រួសារ សូមចូលរួមសម្តែងនូវការសោកស្តាយជាពន់ពេក និងក្តុកក្តួលរំជួលចិត្តជាទីបំផុត ចំពោះការបាត់បង់ជីវិតរបស់ក្មួយៗសិស្សសាលា ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្រេងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យបាត់បង់ជីវិតក្មួយៗសិស្សសាលាចំនួន៥នាក់ រស់នៅស្រុកពារាំង ខេត្តព្រៃវែងនេះ គឺជាសោកនាដកម្មដ៏សែនខ្លោចផ្សាមួយ និងជាការបាត់បង់នូវយុវជនបន្តវេន ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិនាពេលអនាគត។
ជាមួយនឹងហេតុការណ៍នេះ វាពិតជាបាននិងកំពុងធ្វើឱ្យលោកយាយលោកតា ពុកម៉ែ បងប្អូន ដែលត្រូវជាលោកតា លោកយាយ ឪពុកម្តាយ អាណាព្យាបាល អ៊ំ ពូមីង បងប្អូននៃសពទាំងអស់ឈឺចាប់ ក្តុកក្តួល ខ្លោចផ្សាចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន នៅពេលដែលទទួលបានដំណឹងដ៏សោកសង្រេងនេះ ពិសេសនៅពេលឃើញសាកសពកូន ចៅ ក្មួយ បង ប្អូនជាទីស្រឡាញ់របស់ខ្លួន ពិតជាមិនអាចទទួលយកបាន ប៉ុន្តែវាបានកើតឡើងរួចទៅហើយ។
ក្នុងវេលាដ៏មហាក្រៀមក្រំនេះ ខ្ញុំនិងភរិយាព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពក្មួយៗទាំងអស់ ដោយក្តីអាឡោះអាល័យជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោសព្រំនិងដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច