ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ក្នុងចំណោម ៤០នាក់ ដែលនាំគ្នាបង្ហោះម៉ូតូ តាមទីសាធារណៈ 

ចែករំលែក៖

ភ្នំពេញ៖ តាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងដឹកនាំ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ដេញបង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ធ្វើឲ្យក្រុមក្មេងទាំងនោះ ភ័យស្លន់ស្លោជិះម៉ូតូ រត់គេចផ្តួលម៉ូតូចូលក្នុងព្រៃ សមត្ថកិច្ចឃាត់បានមនុស្ស៦នាក់ ក្នុងចំណោមគ្នីគ្នាជា៤០នាក់ មកអប់រំ។

ហេតុការណ៍នេះបានឃាត់ខ្លួន នៅម៉ោងជាង២ រំលងអាធ្រាត្រចូលថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០២៦ ជិតរង្វង់មូលកាំកូសីធី សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង០៦នាក់មាន៖ ១. ឈ្មោះ យិន លីហ្សា អាយុ១៨ឆ្នាំ។ ២. ឈ្មោះឆន សំឡូត អាយុ១៨ឆ្នាំ។ ៣. យន់ ចាន់ឌីម អាយុ១៨ឆ្នាំ។    ៤. ឈ្មោះ យិន  មករា អាយុ១៨ឆ្នាំ។ ៥. ឈ្មោះ ផេង ភក្រត្រា អាយុ១៧ឆ្នាំ និង ឈ្មោះ ចាប អានតុងម៉េង អាយុ១៨ឆ្នាំ។
ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតម៉ូតូចំនួន១០គ្រឿង។

លោក ហ៊ាង ថារ៉េត បន្តថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុងតែល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនិងការពារសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ខណះមកដល់ចំនុចកន្លែង បុរីអង្គរ ក៍ប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នីគ្នាជា២០ម៉ូតូ បានជិះប្រដេញគ្នា និង បង្ហោះម៉ូតូ ដែលអាច បង្កផលប៉ះពាល់ដល់ពលរដ្ឋដ៍ទៃនិងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ទើបកម្លាំងសមត្ថកិច្ច បានធ្វើការ ប្រដេញតាមចាប់ រហូតធ្វើឲ្យក្រុមក្មេងទំនើងទាំងនោះ ភិតភ័យស្លន់ស្លោ បានជិះម៉ូតូ ចូលទៅព្រៃកក់មួយកន្លែង ហើយ ផ្តួលម៉ូតូនាំគ្នារត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច ប្រដេញតាមចាប់បាន៦នាក់ និងដកហូតម៉ូតូ១០គ្រឿងផងដែរ ។

ពាក់ព័ន្ធហេតុការណ៍នេះ បន្ទាប់ពីធ្វើការឃាត់ខ្លួនបានហើយ សមត្ថកិច្ចបាននាំយកក្មេងទំនើងទាំងនោះ និងមធ្យោបាយ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងបានឲ្យ អាណាព្យាបាល មកធ្វើកិច្ចសន្យា ធានាយកទៅវិញ ចំណែកម៉ូតូសមត្ថកិច្ចរកទុករយៈពេល៣ខែ ទើបប្រគល់ឲ្យវិញ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖