ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រាវជ្រាវកម្ពុជា-ចិន៖ ការពង្រឹងវិន័យបក្ស និងប្រឆាំងពុករលួយ ជាសសរស្ដម្ភនៃអភិបាលកិច្ចរបស់លោក ស៊ី ជីនពីង

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងការដឹកនាំប្រទេសមួយ ការរៀបចំ និងកំណត់គោលនយោបាយអភិវឌ្ឍន៍មានសារៈសំខាន់ណាស់ ប៉ុន្តែការធានាឱ្យគោលនយោបាយទាំងនោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព គឺជាកត្តាសម្រេចជោគជ័យ។

នេះជាការលើកឡើងរបស់ បណ្ឌិត មុយថង អ្នកស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងឱកាសអញ្ជើញជាវាគ្មិន កម្មវិធីបាឋកថាស្តីពី «សម្លឹងមើលអភិបាលកិច្ចប្រទេសចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថ្មីៗនេះ។
បណ្ឌិត កៅ មុយថង បានគូសបញ្ជាក់ថា ទោះបីជាប្រទេសមួយមានផែនការអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងមានធនធានច្រើនយ៉ាងណាក៏ដោយ ប្រសិនបើប្រព័ន្ធគ្រប់គ្រងខ្វះវិន័យ មន្ត្រីខ្វះការទទួលខុសត្រូវ ឬអំណាចត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន នោះការអនុវត្តគោលនយោបាយ និងការសម្រេចតាមគោលដៅអភិវឌ្ឍន៍នឹងប្រឈមមុខនឹងឧបសគ្គយ៉ាងច្រើន។

ចាប់តាំងពីឡើងកាន់តំណែងជាអគ្គលេខាធិការបក្សនៅឆ្នាំ២០១២ លោក ស៊ី ជីនពីង បានដាក់ចេញនូវគោលការណ៍ «អភិបាលកិច្ចបក្សដោយម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ» ។ គោលគំនិតនេះមិនមែនសំដៅត្រឹមតែការដាក់ទណ្ឌកម្មលើមន្ត្រីដែលប្រព្រឹត្តខុសប៉ុណ្ណោះទេ ប៉ុន្តែមានវិសាលភាពទូលំទូលាយ ដោយសមាជិកបក្ស និងមន្ត្រីគ្រប់រូបត្រូវបំពេញតួនាទីស្របតាមបទប្បញ្ញត្តិ និងទទួលខុសត្រូវចំពោះលទ្ធផលការងាររបស់ខ្លួន ដោយមិនអាចយកតំណែងមកធ្វើជាលេសដើម្បីគេចវេះពីការត្រួតពិនិត្យឡើយ។ បង្កើតប្រព័ន្ធគ្រប់គ្រងដើម្បីទប់ស្កាត់ការរំលោភបំពានអំណាច និងការប្រើប្រាស់មុខតំណែងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ បិទចន្លោះប្រហោងក្នុងការគ្រប់គ្រង និងកាត់បន្ថយលក្ខខណ្ឌដែលអាចបង្កឱ្យមានអំពើពុករលួយជាប្រព័ន្ធ និងជាប្រចាំ។

ជាក់ស្តែង កាលពីដើមឆ្នាំ២០២៦ លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ជាថ្មីលើការជំរុញការគ្រប់គ្រងបក្សតាមរយៈវិធានការដែលមានប្រសិទ្ធភាព និងការពង្រឹងការអនុវត្តវិន័យជាប្រចាំ ដើម្បីឱ្យយន្តការនេះក្លាយជាផ្នែកមួយនៃប្រព័ន្ធដឹកនាំរដ្ឋ។

អ្នកស្រាវជ្រាវរូបនេះបានបន្ថែមថា ការប្រឆាំងអំពើពុករលួយនៅក្នុងគោលនយោបាយរបស់ចិន មិនមែនជាការងារដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការកែលម្អប្រព័ន្ធគ្រប់គ្រង និងការអនុវត្តកំណែទម្រង់។ សេចក្តីសម្រេចរបស់បក្សកុម្មុយនិស្តចិនកាលពីខែកក្កដា ឆ្នាំ២០២៤ ស្តីពីការធ្វើឱ្យស៊ីជម្រៅនៃកំណែទម្រង់គ្រប់ជ្រុងជ្រោយ បានសង្កត់ធ្ងន់លើការកែលម្អប្រព័ន្ធត្រួតពិនិត្យអំណាច ដើម្បីធានាឱ្យការប្រើប្រាស់ថវិកាសាធារណៈចំគោលដៅ ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់សេវាសុខាភិបាល និងការអប់រំ។

ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ប្រទេសចិនបានកំណត់យក «ទំនើបកម្មតាមបែបចិន» និង «ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» ជាគោលដៅចម្បង។ ទោះជាយ៉ាងណា ប្រសិទ្ធភាពនៃការរឹតបន្តឹងវិន័យ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ មិនគួរត្រូវវាយតម្លៃត្រឹមតែចំនួនករណីដែលបានស៊ើបអង្កេត ឬទណ្ឌកម្មដែលបានដាក់ចេញនោះទេ។

បណ្ឌិត កៅ មុយថង បញ្ជាក់ថា សូចនាករពិតប្រាកដនៃការវាយតម្លៃ គឺស្ថិតនៅលើលទ្ធផលជាក់ស្តែងដែលប្រជាជនទទួលបាន ដូចជា គុណភាពនៃសេវាសាធារណៈ ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិការដ្ឋ ការអនុវត្តគម្រោងតាមផែនការ និងសមត្ថភាពរបស់រដ្ឋក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនជាក់ស្តែង៕


ប្រភព ៖ (CCFR)


ចែករំលែក៖