ព័ត៌មានទាន់ហេតុការណ៍៖

បណ្ណាល័យមេគង្គ-ឡានឆាង បើកឱកាសដល់កុមារកម្ពុជាឈ្វេងយល់ពីប្រទេសចិន តាមរយៈដំណើរទស្សនកិច្ចសិក្សានៅខេត្តយូណាន

ចែករំលែក៖

យូណាន ប្រទេសចិន៖ កុមារកម្ពុជាចំនួន៦រូប មកពីសាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាង យុវជន១រូប និងមន្រ្តីរាំជការ៣រូប បានទទួលឱកាសចូលរួមដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តយូណាន ប្រទេសចិន រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់បន្ថែមអំពីប្រទេសចិន វប្បធម៌ ប្រវត្តិសាស្ត្រ ការអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនចិន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូររវាងយុវជន និងកុមារកម្ពុជា-ចិន ព្រមទាំងផ្តល់បទពិសោធន៍ជាក់ស្តែងដល់កុមារកម្ពុជាតាមរយៈការសិក្សា និងការទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗក្នុងខេត្តយូណាន។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានជម្រាបថា នេះជាលើកទី១ដែល សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានសហការជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិលចិនជាច្រើន ដើម្បីរៀបចំកម្មវិធីផ្លាស់ប្តូរបែបនេះ។ ក្នុងនោះមាន មូលនិធិចិនសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ (CICEF), មូលនិធិ Peaceland, អង្គការ Yundi, ក្រុមយុវជនស្ម័គ្រចិត្ត Binhai នៃក្រុងធានជីង, មន្ទីរពេទ្យបេះដូង Fuwai និងបណ្ណាគារ Xinhua ជាដើម ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា។
លោកបណ្ឌិតបានបញ្ជាក់ថា ការផ្តល់ឱកាសឱ្យកុមារ យុវជន មន្ត្រីរាជការកម្ពុជាបានមកសិក្សា និងស្វែងយល់ដោយផ្ទាល់ពីប្រទេសចិន គឺជាវិធីដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើតការយល់ដឹង ការគោរព និងមិត្តភាពរវាងប្រជាជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
លោក អេង សុភក្ត្រ ឪពុករបស់កុមារី សុភក្ត្រ អែមហ្សាណា ដែលជាសិស្សមកពីសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដែលមានបណ្ណាល័យមេគង្គ-ឡានឆាង បានសម្តែងក្តីរំភើប និងអំណរគុណចំពោះសមាគម និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ «ឱកាសមាស» ដល់កូនស្រីរបស់លោក រួមជាមួយកុមារ ៥រូបផ្សេងទៀត ដើម្បីបានធ្វើដំណើរទៅសិក្សា និងឈ្វេងយល់ពីប្រទេសចិនដោយផ្ទាល់។
លោកបានបន្ថែមថា បទពិសោធន៍នេះនឹងជួយបើកទស្សនៈថ្មីៗសម្រាប់កុមារ និងជំរុញឱ្យពួកគេមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើការសិក្សាភាសាចិន និងការយល់ដឹងអំពីវប្បធម៌ចិន។ លោកក៏ប្តេជ្ញាបន្តចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនង និងមិត្តភាពរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន។
ជាមួយគ្នានេះ ក្នុងចំណោមក្រុមកុមារដែលបានទៅបំពេញទស្សនកិច្ចនៅចិន កុមារា សំ ពេជ្រវរជ័យ ដែលជាសិស្សមកពីសាលាបឋមសិក្សាដែលមានបណ្ណាល័យមេគង្គ-ឡានឆាងទី៥តាំងនៅ បានបង្ហាញថា ដោយមានឪពុកម្តាយកំពុងលើកទឹកចិត្ត ខ្លួនបាននិងកំពុងខិតខំសិក្សាភាសាចិន ព្រោះការចេះភាសាចិនអាចបើកឱកាសកាន់តែច្រើនសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការទទួលបានចំណេះដឹងថ្មីៗ ជាពិសេសបទពិសោធន៍ផ្នែកឌីជីថល ដែលខ្លួនអាចយកមកអភិវឌ្ឍ និងរួមចំណែកដល់សង្គមជាតិ។
លោក ហេង កំសាន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមដឹកនាំដំណើរទស្សនកិច្ច បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជួយពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងអ្នកអានវ័យក្មេងកម្ពុជា-ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់កុមារកម្ពុជាស្វែងយល់ពីវប្បធម៌ និងសង្គមចិន ហើយនាំយកចំណេះដឹង និងបទពិសោធន៍ទាំងនោះមកចែករំលែកនៅកម្ពុជា។
លោកបានបន្ថែមថា ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបែបនេះ ក៏អាចរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌ និងបេតិកភណ្ឌកម្ពុជាទៅកាន់មិត្តចិន ព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។
បណ្ណាល័យមេគង្គ-ឡានឆាង មិនត្រឹមតែជាកន្លែងសម្រាប់អានសៀវភៅ និងសិក្សារបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាស្ពានមួយសម្រាប់ភ្ជាប់ការអប់រំ វប្បធម៌ និងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន។ តាមរយៈការផ្តល់ឱកាសឱ្យកុមារបានធ្វើដំណើរ ស្គាល់ និងរៀនសូត្រពីប្រទេសចិនដោយផ្ទាល់ សកម្មភាពនេះបានរួមចំណែកបណ្តុះគំនិត និងមិត្តភាពកម្ពុជា-ចិនសម្រាប់មនុស្សជំនាន់ក្រោយ៕


ប្រភព ៖ (CCFR)


ចែករំលែក៖