ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ ទាំងស្រុង ភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ផ្ទះពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីម្សិលមិញ(១០វិច្ឆិកា) នៅក្នុងភូមិដា ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១-ឈ្មោះ សុត នេន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះសូ ណូ អាយុ៤៥ឆ្នាំ មុខរបរកសិករ មានកូនចំនួន៣នាក់ប្រុស១នាក់ ស្រី២នាក់ រងការខូចខាតផ្ទះឈើទំហំ៧ម៉ែត្រx៨ម៉ែត្រ , ម៉ាសុីនកិនស្រូវ,ស្រូវចំនួន ១៥០បាវ,មាស១តម្លឹង ,លុយ២លានរៀល ។

ជនរងគ្រោះទី២-ឈ្មោះ ហ៊ុយ ឆៃ ភេទប្រុស អាយុ៤០ ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ សូ ភេន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានកូនស្រីចំនួន៣នាក់ រងការខូចខាតផ្ទះឈើ ទំហំ៧ម៉ែត្រx៨ម៉ែត្រ ,ឈើធ្វើផ្ទះ១គ្រឿង,ម៉ូតូ១ គ្រឿង , មាស៣ជី ,ផ្លាទីន៣ជី , ស្រូវ១០០បាវ , លុយ៦ លានរៀល។ ចំណែកផ្ទះ១ខ្នងទៀតរងខូចខាតតែជង្រុក ស្រូវនិងជើងសសរ១ដើម មានម្ចាស់រងគ្រោះឈ្មោះ ស្រី រៀម ភេទស្រី អាយុ៤០ឆ្នាំ ។

គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តភ្លើងគ្រា ដែលម្ចាស់ផ្ទះមិននៅ ជាប់រវល់ចេញទៅច្រូតស្រូវ តែទោះជាយ៉ាងណា កម្លាំងអាជ្ញាធរ សមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ រថយន្តពន្លត់អគ្គិភ័យចំនួន៤ គ្រឿងចេញជួយពន្លត់ភ្លើង និងការពារការឆេះរាល ដាល៕

ដោយ៖ សុរិយា


ចែករំលែក៖