ភ្នំពេញ៖ ក្រសួងព័ត៌មាន សូមជម្រាបជូនក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជនជ្រាបថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មានធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្មីៗនេះ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ ឬក្រុមណាមួយដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួនផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តនានា ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច