ភ្នំពេញ៖ ប្រទេសកម្ពុជា បានសម្រេចដាក់បញ្ជូនមូលបទសំខាន់ៗចំនួន៣ ទៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។មូលបទនោះ គឺផ្តោតលើ «ការរួមគ្នាបន្តកសាង សន្តិភាព ដើម្បីវិបុលភាពរួម និងស្ថេរភាពយូរអង្វែង»។ ការសម្រេចដាក់បញ្ជូនមូលបទនេះ គឺប្រទេសកម្ពុជា ចង់ប្រាប់មិត្តអន្តរជាតិថា កម្ពុជា គឺជាប្រទេសតែងតែគោរពច្បាប់អន្តរជាតិ ត្រូវការសន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះរួមទាំងជម្លោះព្រំដែនខ្មែរ-ថៃ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា បានអះអាងថា មូលបទសំខាន់ៗចំនួន៣ ដែលកម្ពុជាដាក់ស្នើនោះ គឺត្រូវបានសមាជិកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គាំទ្រនិងទទួលយកដាក់បញ្ជូនទៅក្នុងកិច្ចប្រជុំ ហើយក្នុងមូលបទនេះ គឺមានគុណតម្លៃធំៗចំនួន៣ គឺសន្តិភាព វិបុលភាព និងស្ថេរភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា តាមរយៈមូលបទនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺកម្ពុជាចង់ចែករំលែកទៅកាន់មិត្តអន្តរជាតិពីប្រវត្តិសាស្ត្រដ៏លំបាកលំបិនរបស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមរាប់រយឆ្នាំ និងបទពិសោធន៍ដែលកម្ពុជាធ្លាប់បានឆ្លងកាត់នៅក្នុងប្រវត្តិសាស្ត្រ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការរួមចំណែកថែរក្សាសន្តិភាព។ សម្រាប់លោក ប្រាក់ សុខុន កម្ពុជា តែប្រកាន់ជំហរជាប្រទេសតែងតែគោរពច្បាប់អន្តរជាតិ ត្រូវការសន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធី ក្នុងនោះរួមទាំងជម្លោះព្រំដែនខ្មែរ-ថៃ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់១៦ វិច្ឆិកានេះ ដោយមានប្រទេសជាសមាជិកចំនួន ៧៩ ប្រទេសនឹងចូលរួមជាមួយនឹងប្រតិភូសរុបប្រមាណ ១ពាន់នាក់។ក្នុងនោះមានប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល ចំនួន២០ នឹងមកចូលរួម ហើយថ្នាក់ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី និងអនុរដ្ឋមន្រ្ដីចំនួន ២៦ ដែលជាប្រធានគណៈប្រតិភូនឹងមកចូលរួមផងដែរ។
មុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចូលមកដល់ រាជរដ្ឋាភិបាលថៃ បានចេញសារព្រមានកម្ពុជា កុំឱ្យលើកយករឿងព្រំដែនខ្មែរ-ថៃ ដាក់ចូលក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយឱ្យកម្ពុជា គួរចៀសវាងការនាំយកភាពតានតឹងទ្វេភាគីចូលទៅក្នុងការពិភាក្សា ដោយសារជម្លោះនេះស្ថិតនៅក្រៅវិសាលភាពនៃកិច្ចប្រជុំកំពូលនេះ។ តែសម្រាប់ជំនាញ មើលឃើញថា រាជរដ្ឋាភិបាលថៃ កំពុងបារម្ភពីកិច្ចប្រជុំដ៏ធំនេះ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច