នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យប៉ូលិសឥណ្ឌូណេស៉ី នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា ប៉ូលិសបានឃាត់ខ្លួនមនុស្សជាង ១៥០នាក់ បន្ទាប់ពីក្រុមបាតុករ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅទីក្រុង Yogyakarta ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា កាលពីវេលាយប់កន្លងទៅ។
អំពើហិង្សាខាងលើបានផ្ទុះឡើង បន្ទាប់ពីមានការធ្វើបាតុកម្មនៅតាមទីក្រុងមួយចំនួនរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាចំពោះការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ការដោះស្រាយបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរ និងប្រាក់ឈ្នួលដែលគ្មានការកើនឡើង។ នៅថ្ងៃពុធនេះ ប៉ូលិសឥណ្ឌូណេស៉ី បានប្រាប់ថា មនុស្សប្រហែល១០០នាក់ បានប្រមូលផ្តុំគ្នានៅក្បែរអគារសភាប្រចាំទីក្រុង Yogyakarta កាលពីម៉ោងប្រហែល ៨យប់ថ្ងៃអង្គារ ហើយពួកគេបានបាញ់កាំជ្រួច ព្រមទាំងគប់ដុំថ្ម និងគ្រាប់បែកសាំង សំដៅទៅលើអគារនោះ។
អាជ្ញាធរក៏បានឆ្លើយតបដោយដាក់ពង្រាយកម្លាំង និងយានយន្តពិសេស ដើម្បីបំបែកហ្វូងមនុស្ស។ ប៉ូលិសបាននិយាយថា ពួកគេរឹបអូសបានវត្ថុតាងមួយចំនួន រួមមានគ្រាប់បែកសាំងចំនួន ៦គ្រាប់ និងកាំជ្រួចចំនួន ១២ដើម។ អ្នកយកព័ត៌មានរបស់ AFP បានមើលឃើញប៉ូលិសបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក រួមទាំងកាណុងទឹក នៅពេលចូលទៅបំបែកក្រុមបាតុករ កាលពីយប់ថ្ងៃអង្គារ។
កាលពីថ្ងៃអង្គារ មុនពេលផ្ទុះអំពើហិង្សា មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្បែរការិយាល័យរបស់អភិបាល ក្នុងទីក្រុង Yogyakarta ដោយទាមទារឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមា។ ការតវ៉ានោះក្រោយមកបានរំសាយទៅវិញ មុនពេលអំពើហិង្សាកើតឡើង។ រីឯនៅទីក្រុង Surabaya ដែលជាទីក្រុងធំជាងគេទី២របស់ឥណ្ឌូណេស៊ី ក្រុមបាតុករ ក៏បានចេញមកតាមដងផ្លូវដើម្បីធ្វើការតវ៉ាផងដែរ ដោយលើកឡើងពីបញ្ហាភ្លើងឆេះព្រៃ និងការកើនឡើងនៃតម្លៃម្ហូបអាហារ ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕


ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច