ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រីចំនួន ៥ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយក្រុមការងាររដ្ឋបាលសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ភ្នំពេញថ្មី ធ្វើការឃាត់ខ្លួនក្នុងករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ (ទុកចោល) តាមផ្លូវលេខ ១៩៧៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈឹម សារ៉ែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងលោកអនុសេនីយ៍ឯក មាន ប៊ុនរិទ្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ជាច្រើនរូបទៀត។
ជនសង្ស័យទាំង ០៥ នាក់ ដែលត្រូវបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ រួមមាន៖
១. ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនប្រាកដ។
២. ឈ្មោះ ញ៉ែត ម សុធារិទ្ធ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរមិនប្រាកដ។
៣. ឈ្មោះ ឃឹម ចិត្តសំបូរ ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរមិនប្រាកដ។
៤. ឈ្មោះ សៅ លីណា ភេទប្រុស អាយុ ៣៥ ឆ្នាំ។
៥. ឈ្មោះ ជា ស្រីម៉ី ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរមិនប្រាកដ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ដោយប្រើឧបករណ៍ស្វែងរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន (+) ទាំងអស់គ្នា៖
១.ឈ្មោះ សៅ វណ្ណា (មានសារធាតុញៀន)
២.ឈ្មោះ ញ៉ែត ម សុធារិទ្ធ (មានសារធាតុញៀន)
៣.ឈ្មោះ ឃឹម ចិត្តសំបូរ (មានសារធាតុញៀន)
៤.ឈ្មោះ សៅ លីណា (មានសារធាតុញៀន)
៥.ឈ្មោះ ជា ស្រីម៉ី (មានសារធាតុញៀន)
ផ្អែកលើការពិនិត្យ និងតាមការឯកភាពពីអាជ្ញាធរមានសមត្ថកិច្ចសង្កាត់ភ្នំពេញថ្មី ជនសង្ស័យទាំង ៥ នាក់ខាងលើ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ មជ្ឈមណ្ឌលស្តារនីតិសម្បទា និងយុត្តិធម៌សង្គម រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច