ព័ត៌មានទាន់ហេតុការណ៍៖

Update:ដឹងការពិតហើយជនសង្ស័យចាប់ជំរិឹតក្មេងស្រីអាយុ ៥ឆ្នាំ ដើម្បីទារប្រាក់ ត្រូវជាពូបង្កើតសោះ

ចែករំលែក៖

កណ្តាល៖ បុរសម្នាក់ដែលត្រូវជាពូបង្កើតរបស់កុមារីអាយុ៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់ជំរិតក្មួយស្រីក្នុងគោលបំណងទារប្រាក់ពីឪពុកម្តាយ ហើយបន្ទាប់មកបានដឹកកុមារីរងគ្រោះទៅកាន់ទីតាំងស្ងាត់មួយ រួចរុញចូលក្នុងទឹកប្រឡាយ ដើម្បីសម្លាប់ចោល ក្រោយបារម្ភថាកុមារីស្គាល់អត្តសញ្ញាណខ្លួន និងអាចធ្វើឱ្យសមត្ថកិច្ចតាមចាប់ខ្លួនបាន។

តាមសេចក្តីប្រកាសព័ត៌មានបឋមរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីឃាតកម្មគិតទុកជាមុន ពាក់ព័ន្ធនឹងការចាប់ជំរិតទារប្រាក់នេះ បានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្ទះរបស់ឈ្មោះ ថាត ថេត ស្ថិតក្នុងភូមិព្រែកតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនរងគ្រោះជាកុមារីឈ្មោះ ថេត រច្ចនី អាយុ៥ឆ្នាំ មានទីលំនៅក្នុងមូលដ្ឋានខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ឡាយ សុខជា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាពូបង្កើតរបស់កុមារីរងគ្រោះ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិដង្កោក្រមា ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង ក្រោយឃាត់ខ្លួនធ្វើតេស្តរកសាធាតុញៀន លទ្ធផលតេស្ត បញ្ជាថាជនសង្ស័យអវិជ្ជមានសារធាតុញៀន។

តាមប្រភពព័ត៌មាន មុនពេលកើតហេតុ ជនសង្ស័យបានចាប់កុមារីរងគ្រោះក្នុងគោលបំណងជំរឹតទារប្រាក់ពីឪពុកម្តាយ។ ប៉ុន្តែក្រោយមក ជនសង្ស័យបានគិតថា ប្រសិនបើទុកកុមារីឱ្យនៅរស់ នោះនាងអាចស្គាល់អត្តសញ្ញាណខ្លួនច្បាស់ ហើយធ្វើឱ្យសមត្ថកិច្ចតាមចាប់ខ្លួនបាន ទើបសម្រេចដឹកកុមារីទៅកាន់ទីតាំងស្ងាត់ ដើម្បីសម្លាប់ចោល។

ជនសង្ស័យបានដឹកកុមារីឆ្លងទូកត្រង់ចំណុចព្រែកតាផ ចូលទៅក្នុងភូមិសាស្ត្រខេត្តតាកែវ រហូតដល់ចំណុចប្រឡាយលេខ១២ ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែលជាទីតាំងស្ងាត់ និងមិនសូវមានមនុស្សធ្វើដំណើរឆ្លងកាត់។ នៅទីនោះ ជនសង្ស័យបានឈប់ម៉ូតូ ដោយប្រាប់កុមារីថា ម៉ាស៊ីនម៉ូតូក្តៅពេក សុំសម្រាកមួយសន្ទុះសិន។ 

ក្រោយសម្រាកប្រមាណ២០នាទី ជនសង្ស័យបានបបួលកុមារីចុះទៅកន្លែងមាត់ប្រឡាយ ដោយប្រាប់ថា ទេសភាពស្អាត ខ្លួននឹងថតរូបឱ្យ ព្រមទាំងបានបញ្ជាឱ្យកុមារីចុះទៅឈរលើចង្អើ ដើម្បីបង់សំណាញ់ ហើយឆ្លៀតឱកាសនោះ ជនសង្ស័យបានរុញកុមារីរងគ្រោះចូលទៅក្នុងទឹកប្រឡាយតែម្តង។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងរួមមាន ទូរស័ព្ទដៃម៉ាក iPhone ចំនួន២គ្រឿង ស៊ីមកាតចំនួន២ និងម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 1U-4839 ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ជ្រោយពេជ្រ


ចែករំលែក៖