ភ្នំពេញ៖ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន និងអនាម័យទីក្រុងឱ្យកាន់តែប្រសើរឡើង រួមជាមួយសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) និងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានឈានដល់ការចុះហត្ថលេខាលើ «លិខិតបញ្ជាក់សុច្ឆន្ទៈរួមគ្នា» ដើម្បីបន្តភាពជាដៃគូក្នុងការគាំទ្រដល់គម្រោងគ្រប់គ្រងសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) ដំណាក់កាលទី២ នៅរាជធានីភ្នំពេញ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ បន្ទាប់ពីគម្រោងដំណាក់កាលទី១ បានដាក់ឱ្យដំណើរការប្រើប្រាស់កាលពីឆ្នាំ២០២៣ កន្លងមក ប្រកបដោយជោគជ័យគួរជាទីមោទនៈ។
ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយ លោក ហ្វ្រេដេរិក វ៉ាលីយេ (Frederic Vallier) អគ្គប្រតិភូនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និង លោក វ៉ាឡេរី ម៉ូឡេត (Valéry Molet) អគ្គនាយកសហជីពអន្តរតំបន់សម្រាប់អនាម័យសាធារណៈប្រចាំទីក្រុងប៉ារីស (SIAAP) ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ អំពីសាវតារ និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះថា គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយទទួលបានការគាំទ្របន្ថែមពីទីភ្នាក់ងារទឹកសែនន័រម៉ង់ឌី (AESN)។ ជាលទ្ធផលនៃដំណាក់កាលទី១ ភាគីពាក់ព័ន្ធបានសម្រេចនូវការសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់ដំបូងគេបង្អស់នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រួមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងស្ថាប័ន និងក្របខ័ណ្ឌបទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធនានា ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២៣។
លោកស្រីអ្នកនាំពាក្យ បានបន្តឱ្យដឹងថា ផ្អែកតាមរបាយការណ៍លទ្ធផលនៃការវាយតម្លៃចុងក្រោយក្នុងឆ្នាំ២០២៥ របស់គម្រោង បានបង្ហាញឱ្យឃើញពីសមិទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ទន្ទឹមនឹងនេះ កំណើនប្រជាជន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ បានទាមទារឱ្យមានការបង្កើនសមត្ថភាពប្រព្រឹត្តកម្មសំណល់ភក់បន្ថែមទៀតនាពេលអនាគត។ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងយោងតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០៣៥ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី២ នេះ គម្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់មួយកន្លែងទៀត ស្ថិតនៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការប្រព្រឹត្តកម្មនៅតំបន់ភាគខាងត្បូងនៃរាជធានី។ លើសពីនេះ គម្រោងក៏នឹងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពជាមុន ដើម្បីត្រៀមលក្ខណៈសម្រាប់ការសាងសង់ស្ថានីយទី៣ បន្តទៀតនាពេលខាងមុខ។ ពាក់ព័ន្ធនឹងទំហំថវិកា សម្រាប់គម្រោងដំណាក់កាលទី២ នេះ ត្រូវបានប៉ាន់ស្មានថានឹងចំណាយថវិកាសរុបប្រមាណ ២.៣២០.០០០ អឺរ៉ូ (ពីរលានបីរយម្ភៃពាន់អឺរ៉ូ) ដោយមិនទាន់រាប់បញ្ចូលភាគទានជាវត្ថុ ឬអត្ថប្រយោជន៍ផ្សេងៗដែលមិនមែនជាសាច់ប្រាក់នោះទេ។ កញ្ចប់ថវិកាទាំងនេះ គ្រោងនឹងទទួលបានពីការចូលរួមវិភាគទានរួមគ្នារវាងសមាគម AIMF ទីភ្នាក់ងារ AESN សហជីព SIAAP និងរដ្ឋបាលរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ គម្រោងជំហានទី២នេះ នឹងចាប់ផ្តើមដំណើរការអនុ វត្តជាផ្លូវការ នៅក្រោយពេលដែលក្រុមការងារបច្ចេក ទេសនៃភាគីពាក់ព័ន្ធទាំងអស់ បញ្ចប់ការពិភាក្សាលម្អិតអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងឈានទៅចុះហត្ថ លេខារួមគ្នានាពេលខាងមុខដ៏ខ្លីនេះ៕ ដោយ សំរិត

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច