ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ អំពីករណីអំពើហិង្សាដោយចេតនានិងការគំរាមកំហែងថា នឹងសម្លាប់ដែលបង្កឡើងដោយជនសង្ស័យម្នាក់ ហើយបណ្ដាលឱ្យមានជនរងគ្រោះពីរនាក់។
ករណី ហិង្សាដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់កើតហេតុ៖ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលា ម៉ោង ១៤:៤០នាទីនៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ វ៉ាត ដាលីន ភេទស្រី អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកសំរោងទី៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មន្ត្រីសុខាភិបាល និង២.ឈ្មោះ ណៃ ធី ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែកសំរោងទី៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលមុខរបរ វិស្វករ ។
ចំណែកជនសង្ស័យឈ្មោះ វ៉ាត សុឡា ភេទប្រុស អាយុ ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិក្រាំងឈើនាង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាង ម៉ាស៊ីនត្រជាក់(ឃាត់ខ្លួន)គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
វត្ថុតាងចាប់យករួមមាន:ពូថៅ០១ ផ្លែដែកដងឈើ ប្រវែង៣៩សង់ទីម៉ែត្រ ។
ក្រោយទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍ចុះដល់ កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរ ។ ក្រោយការសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានកាន់ពូថៅដេញកាប់ជនរងគ្រោះឈ្មោះវ៉ាត ដាលីន និងបានប្រតាយប្រតប់ជាមួយជនរងគ្រោះឈ្មោះណៃ ធី នៅជិតកន្លែងតម្កល់ធាតុ តែពេលប្រតាយ ប្រតប់គ្នាជនសង្ស័យបានគ្រវែងពូថៅចេញ បណ្ដាលឲ្យដួលទាំង០២នាក់មានរបួសទាំងសង ខាងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច