ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញបង្ក្រាបបទល្មើសនេសាទ ២ករណី នៅស្រុកកំពង់សៀម រឹបអូសឧបករណ៍ខុសច្បាប់ និងលែងកូនត្រីចម្រុះ ៤០គីឡូក្រាមចូលបឹងធម្មជាតិវិញ

ចែករំលែក៖

ខេត្តកំពង់ចាម៖ កូនត្រីចម្រុះទម្ងន់សរុប ៤០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញលែងចូលក្នុងបឹងធម្មជាតិវិញ ខណៈឧបករណ៍នេសាទខុសច្បាប់ជាច្រើន ត្រូវបានរុះរើ រឹបអូស និងបំផ្លាញចោលនៅនឹងកន្លែង ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ និងសហគមន៍នេសាទវិហារធំ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ដែលបង្កផលប៉ះពាល់ដល់ធនធានជលផលក្នុងតំបន់។

លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជាលទ្ធផល កម្លាំងចម្រុះបានរកឃើញ និងបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី ដោយករណីទី១ ស្ថិតនៅចំណុចមុខជ្រោយលោកយាយ ក្នុងឃុំវិហារធំ ស្រុកកំពង់សៀម។ នៅទីតាំងនេះ មន្ត្រីជំនាញបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន ស្បៃមុងចំនួន ៤មាត់ របាំងស្បៃមុងប្រវែង ១៦០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៤៨ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៦គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ។

ដោយឡែក ករណីទី២ ស្ថិតនៅចំណុចបឹងអញ្ចាញ ក្នុងឃុំវិហារធំ ស្រុកកំពង់សៀមដូចគ្នា។ នៅទីតាំងនេះ មន្ត្រីជំនាញបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន ស្បៃមុងចំនួន ៨មាត់ របាំងស្បៃមុងប្រវែង ៣២០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១០៦ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ២៤គីឡូក្រាម ទៅក្នុងបឹងធម្មជាតិវិញ។

សរុបលទ្ធផលនៃប្រតិបត្តិការនេះ មន្ត្រីជំនាញបានបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី រុះរើឧបករណ៍ស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៤៨០ម៉ែត្រ និងបង្គោលចម្រឹងចំនួន ១៥៤ដើម ព្រមទាំងសង្គ្រោះកូនត្រីចម្រុះទម្ងន់ ៤០គីឡូក្រាម លែងចូលក្នុងបឹងធម្មជាតិវិញ។ សកម្មភាពនេះ គឺជាការចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការពារធនធានជលផល ដើម្បីរក្សាប្រភពមច្ឆជាតិ និងធានានិរន្តរភាពធនធានជលផលសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលអនាគត៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖