ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើសបានចំនួន ០៨ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ 

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំរបស់ លោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បើកការស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានចំនួន ០៨ករណី ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបករណីអំពើលួចចំនួន ០៧ករណី រួមមាន លួចម៉ូតូ លួចដែកញ៉ូម និងសម្ភារ នៅតាមអគារកាស៊ីណូដែលបិទមិនដំណើរ ការ ព្រមទាំងករណីរំលោភលើទំនុកចិត្ត ដោយខ្ចីម៉ូតូយកទៅបញ្ចាំចំនួន ០១ករណី ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ មានជនជាតិខ្មែរ និងជនបរទេសពាក់ព័ន្ធ ។

ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន ម៉ូតូចំនួន ០២ គ្រឿង ទូរស័ព្ទដៃជាច្រើនគ្រឿង,ដែកញ៉ូមប្រហែល ៤០ គីឡូក្រាម ខ្សែភ្លើង និងសម្ភារមួយចំនួន ព្រមទាំងឧបករណ៍សម្រាប់ធ្វើសកម្មភាពលួច និងមធ្យោបាយពាក់ព័ន្ធផ្សេងៗទៀត ។ ចំណែកម៉ូតូ១គ្រឿងដែលជាផលនៃអំពើលួចក្នុងករណីរំលោភលើទំនុកចិត្ត សមត្ថកិច្ចបានប្រគល់ជូនម្ចាស់ដើមវិញ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅក្នុងខេត្តព្រះសីហនុ ឱ្យបានកាន់តែល្អប្រសើរ ៕

ដោយ៖ សុរិយា


ចែករំលែក៖