ហាងលក់ទំនិញវត្ថុអនុស្សាវរីយ៍នៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបានឲ្យដឹងថា តុក្កតា Matryoshka រូបលោក ដូណាល់ ត្រាំ លក់ដាច់ជាងគេបំផុតក្នុងរយៈពេលចុងក្រោយនេះ។ ចំណែករូបលោកស្រីគ្លីនតុនវិញមិនមានហាងណាមួយលក់នោះឡើយ។ ការលក់តុក្កតារូប ដូណាល់ ត្រាំ ដោយសារ តែលោកមានទស្សនៈគាំទ្ររុស្ស៊ី។
រូបតុក្កតា Matryoshka មានរូបលោក ដូណាល់ ត្រាំ បានទាក់ទាញយ៉ាងខ្លាំង ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ហាង Eduard នៅទីក្រុងមូស្គូបានឲ្យដឹងថា រូបលោក ដូណាល់ ត្រាំ លក់ដាច់យ៉ាងខ្លាំង។
តុក្កតា Matryoshka មានរូបមនុស្សប្លែក ក្នុងនោះមានស្ត្រីជនបទរុស្ស៊ីស្លៀកពាក់ ប្រពៃណីផងដែរ។
ពលរដ្ឋរុស្ស៊ីដែលទិញតុក្កតារូប ដូណាល់ ត្រាំ បានលើកឡើងថា «ខ្ញុំពិតជាចូលចិត្ត លោក ដូណាល់ ត្រាំ ហើយចង់ឲ្យលោកត្រាំក្លាយជាប្រធានាធិបតីអាមេរិក»។
ជាមួយគ្នានោះពលរដ្ឋរុស្ស៊ីរហូតដល់ទៅ៩១ភាគរយបានតាមដានការបោះឆ្នោតនៅអាមេរិកនាថ្ងៃទី៨ ខែវិច្ឆិកា នេះដោយ មានពលរដ្ឋរហូតដល់៣៨ភាគរយគាំទ្រលោក ដូណាល់ត្រាំ ចំណែកលោកស្រី គ្លីនតុន វិញមានតែ៩ភាគរយប៉ុណ្ណោះ ដែលគាំទ្រ។
មកទល់ពេលនេះតំបន់ខ្លះនៅអាមេរិកបានចាប់ផ្តើមបោះឆ្នោតហើយនៅតំបន់ខ្លះទៀតមិនទាន់បោះឆ្នោតនៅឡើយ។ ពីរដ្ឋមួយទៅរដ្ឋមួយផ្សេងទៀតរបស់អាមេរិកមានពេលវេលាខុសគ្នា ជាច្រើនម៉ោងដូច្នេះការបោះឆ្នោតនឹងត្រូវប្រើពេលវេលារហូតដល់ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ទើបដឹងលទ្ធ ផល៕ ម៉ែវ សាធី