ខេត្តរតនគីរី៖ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអណ្តូងស្អាតចំនួន ៨ជូនដល់ប្រជាពលរដ្ឋដែលជាជនជាតិ ភាគតិចក្រីក្រនៅក្នុងខេត្តរតនគិរី។ ពិធីនេះត្រូវបានធ្វើឡើងក្រោយអធិបតីភាព លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងលោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំ ប្រទេសកម្ពុជា។
ក្នុងឱកាសពិសេសនេះ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុនសែន កំពុងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកវិនិយោគនៅកម្ពុជាដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់យើង និង បង្កើតការងារសម្រាប់ប្រជាពល រដ្ឋ។
ជាក់ស្តែងក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំ នៅកម្ពុជា បានវិនិយោគទុនរាប់រយលាន ដុល្លារនៅក្នុងប្រទេសកម្ពុជាបានបង់ប្រាក់ពន្ធរាប់លានជារៀងរាល់ឆ្នាំជូនដល់រាជ រដ្ឋាភិបាលដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ ប្រទេស និងផ្តល់ការងារបន្ថែម។
លើសពីនេះទៀត ក្នុងចំណោមបណ្តា គម្រោងផ្នែកកិច្ចការជួយសង្គមរបស់ក្រុមហ៊ុន Heineken ប្រចាំនៅកម្ពុជា បានចូលរួមចំណែកថវិកាជួយដល់ប្រជាជនជនជាតិភាគតិចនៅក្នុងខេត្តរតនគីរីតាមរយៈការផ្តល់អណ្តូងទឹកស្អាត និងជួសជុលអណ្តូងទឹក។ កង្វះទឹកស្អាតបង្កនូវបញ្ហាសុខភាពសង្គមនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅតាមជនបទ ជាពិសេសកុមារ ស្ត្រី និងមនុស្ស ចាស់ជរា។
លោក ហ៊ុយ វុទ្ធី នាយកផ្នែកទំនាក់ទំនង កិច្ចការសហគ្រាសនៃក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា ទឹកស្អាតជាតម្រូវការចាំបាច់ជាមូលដ្ឋានដើម្បីធានានូវសុខភាព និងសុខុ មាលភាពសម្រាប់សហគមន៍ជនបទនៅក្នុង ខេត្តរតនគីរី។ តំបន់មួយចំនួននៅតែខ្វះ ប្រភពទឹកស្អាត និងពឹងផ្អែកលើស្រះតូចៗ និងអូរដែលរីងស្ងួតក្នុងអំឡុងរដូវគ្រោះរាំងស្ងួត។ អណ្តូងស្នប់ថ្មីចំនួន៤ និងអណ្តូងចាស់ចំនួន៤ដែលបានជួសជុលហើយនឹងផ្តល់នូវអត្ថប្រយោជន៍ជូនដល់ប្រជាពល រដ្ឋចំនួន១.២៥៤នាក់ ក្នុង៦ភូមិ ៣ស្រុក នៅក្នុងខេត្តរតនគីរី។
ពលរដ្ឋម្នាក់រស់នៅភូមិតាហ៊ឺយ បានឱ្យ ដឹងថា មុនពេលទទួលបានអណ្តូងទឹកស្អាតទាំងនេះ អ្នកភូមិរបស់គាត់ត្រូវដើរពីបីគីឡូម៉ែត្រកាត់តាមចម្ការ ឬព្រៃដើម្បីដងទឹក ពីអូរ។ ការទៅដងទឹកកាន់តែពិបាកចំពោះស្ត្រី ពីព្រោះពួកគាត់ត្រូវបីកូនទៅជាមួយ ផងដែរ។
ពលរដ្ឋម្នាក់ទៀតរស់នៅភូមិវាលឆ្កែហត់ បានឱ្យដឹងថា ស្រះដែលមានទីតាំងស្ថិតប្រហែលជាមួយរយម៉ែត្រពីផ្ទះរបស់គាត់គឺជាប្រភពទឹកសំខាន់សម្រាប់ក្រុមគ្រួសារ របស់គាត់និងអ្នកភូមិផ្សេងទៀត។ ប៉ុន្តែ ស្រះទឹកនេះមិនត្រឹមតែបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែថែម ត្រូវបានប្រើប្រាស់ដោយសត្វផ្សេងៗ ដែល បណ្តាលឲ្យទឹកស្រះឡើងកខ្វក់មិនស័ក្តិសមសម្រាប់ប្រើប្រាស់ ជាពិសេសក្នុងអំឡុងពេល រដូវគ្រោះរាំងស្ងួត។
អណ្តូងទឹកស្អាតដែលបានឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរ Heineken ប្រចាំនៅកម្ពុជានឹងជួយកាត់បន្ថយយ៉ាងច្រើននូវបញ្ហា តម្រូវការទឹកស្អាត និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ជនបទនៃខេត្តរតនះគីរី។ ក្រុមហ៊ុនក៏បានជំរុញឱ្យ ប្រជាសហគមន៍ថែទាំអណ្តូងទាំងនេះឲ្យបានទៀងទាត់ដើម្បីធានាការប្រើប្រាស់ រយៈពេលយូរអង្វែង៕ ថម សន