ខេត្តកណ្តាល៖ បុរសជាជនជាប់ចោទម្នាក់ដែលបានគេចខ្លួនអស់រយៈពេលជាង ៤ឆ្នាំ ត្រូវបានកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំខ ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនបាន សម្រេចដល់មូលដ្ឋាន។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃត្រង់ ថ្ងៃ ទី២០ វិច្ឆិកា ២០២៦ ស្ថិតនៅភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនជាប់ចោទដែលត្រូវបានចាប់ ខ្លួនមានឈ្មោះ ជន់ សាំងឡេង ហៅ អន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ។ លោកអធិការបានបន្តថា ក្រោយការឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើជនជាប់ចោទ ដោយទទួលបានលទ្ធផលអវិជ្ជមាន។ បច្ចុប្បន្ន ជនជាប់ចោទត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែក ចំពោះមូលហេតុដែលឈានដល់ការចាប់ ខ្លួនបុរសរូបនេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៤៥១ ចខ/ញ ចុះថ្ងៃទី២១ វិច្ឆិកា ២០២៤ ដែលចេញដោយលោក អាត ច័ន្ទដារា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល។ ជនជាប់ចោទត្រូវបានតុលាការចោទប្រកាន់ពីបទលួច និងធ្វើឲ្យខូចខាតដោយចេតនា ដែលបានប្រព្រឹត្តនៅភូមិព្រែកតាកេរ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី៤ មីនា ២០២២ កន្លងទៅ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច