ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក យក់ ប៊ុនណា នៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេស លើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការវាយតម្លៃលទ្ធផលការងារកន្លងមក ការកំណត់បញ្ហាប្រឈម និងការដាក់ចេញដំណោះស្រាយសមស្រប ដើម្បីធានាឱ្យដំណើរការអនុវត្តប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ការងារវិភាគមុខងារ និងរចនាសម្ព័ន្ធនេះ គឺជាកិច្ចការដ៏សំខាន់ក្នុងការកំណត់តួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នឱ្យបានច្បាស់លាស់ ជៀសវាងការស្ទួនមុខងារគ្នា ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងគុណភាពសេវាសាធារណៈ។
អង្គប្រជុំបានឯកភាពលើការពង្រឹងកិច្ចសហការ និងកំណត់ទិសដៅអាទិភាពបន្តឱ្យកាន់តែស៊ីសង្វាក់គ្នា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់ក្រសួងមុខងារសាធារណៈ ក្នុងការពង្រឹងអភិបាលកិច្ចស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ឆ្លើយតបនឹងតម្រូវការកែទម្រង់ និងការអភិវឌ្ឍប្រទេសជាតិ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច