ព័ត៌មានទាន់ហេតុការណ៍៖

លែងកូនត្រីចម្រុះប្រមាណ ១៨០គីឡូក្រាម និងបំផ្លាញឧបករណ៍ល្មើសជាច្រើន ខណៈដែលជំនាញជលផលកំពង់ចាម បង្ក្រាបបទល្មើស៤ករណី នៅភូមិសាស្ត្រស្រុកកោះសូទិន

ចែករំលែក៖

ខេត្តកំពង់ចាម៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម សហការជាមួយ អាជ្ញាធរស្រុកកោះសូទិន កម្លាំង អធិការដ្ឋាននគរបាលស្រុកកោះសូទិន ប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានចាក់លែងកូនត្រីចម្រុះចំនួន ១៨១គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ និងបំផ្លាញឧបករណ៍ល្មើសជាច្រើន នៅនឹងកន្លែង ពេលដែល ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ចំនួន ៤ករណី នៅក្នុងភូមិសាស្ត្រស្រុកកោះសូទិន ខេត្តកំពង់ចាម ។

បើតាម លោក លី ស្រី នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បញ្ជាក់ថា បានចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផលទាំង ៤ករណី ខាងលើ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ។ ក្នុងនោះ៖ 

ករណីទី១ នៅចំណុចព្រែកព្នៅ ឃុំព្រែកតានង់ ស្រុកកោះសូទិន មានរបាំងផ្ចិតព្រែកចំនួន ៣កន្លែង ប្រវែង ៣០ម៉ែត្រ ឧបករណ៍រ៉ាវចំនួន ៤មាត់ លូស្បៃមុងចំនួន ២មាត់ បង្គោលឫស្សីចំនួន ៤៥ដើម និងចាក់លែងកូនត្រីចម្រុះ ៨៧គីឡូក្រាម ។ 

ករណីទី២នៅចំណុចព្រែកព្នៅឃុំព្រែកតានង់មានរបាំង ផ្ចិតព្រែកចំនួន ២កន្លែង ប្រវែង២០ម៉ែត្រ ឧបករណ៍ដាយត្រីចំនួន ២មាត់ បង្គោលចម្រឹងចំនួន ៣០ដើម ចាក់លែងកូនត្រីចម្រុះ ៦០គីឡូក្រាម ។ 

ករណីទី៣ នៅចំណុចព្រែកជ្រៃ ឃុំព្រែកតានង់ ស្រុកកោះសូទិន មានរបាំងផ្ចិតព្រែកចំនួន ៣កន្លែងប្រវែង ៩ម៉ែត្រ ឧបករណ៍ដាយត្រីចំនួន ៣មាត់ បង្គោលចម្រឹងចំនួន ៣០ដើមនិងចាក់លែងត្រីចម្រុះ ១៥គ.ក ។ 

និងករណីទី៤ នៅចំណុចព្រែកជ្រៃ ឃុំព្រែកតានង់ ស្រុកកោះសូទិន  មានឧបករណ៍លូស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ២១០ ម៉ែត្រ បង្គោលចម្រឹងចំនួន ១៧៥ដើម ចាក់លែងកូនត្រីចម្រុះ ២១គីឡូក្រាម ៕

ដោយ៖ សូរិយា


ចែករំលែក៖