ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី(លួចទ្រព្យសម្បត្តិ លុយ និងខ្សែកមាស) របស់ស្ត្រីវ័យ ៨០ ឆ្នាំម្នាក់ ក្រោយជនសង្ស័យធ្វើពុតជាសុំជួលផ្ទះ រួចឆ្លៀតឱកាសលួចយកសម្ភារហើយគេចខ្លួនបាត់។
ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៣ និង ៣០ នាទី រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចការ៉ាស់សាំង TOTAL តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យ ឈ្មោះ ខន ហ៊ាង ភេទ ប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចផ្ទះលេខ E៨៨ ផ្លូវបេតុង (បុរីចំការដូង)ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ពេល នោះ ជនរងគ្រោះឈ្មោះ ផាត់ ណេង ភេទស្រី អាយុ៨០ ឆ្នាំ មុខរបរ(នៅផ្ទះ )កំពុងនៅបន្ទប់ជាន់ទី១ ស្រាប់តែមានជនសង្ស័យជិះម៉ូតូ ១ គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឡើងតាមជណ្តើរចំហៀងផ្ទះ មកគោះទ្វារហៅសួរនាំរកជួលផ្ទះជាន់ផ្ទាល់ដី ដែលជនរងគ្រោះបានដាក់ស្លាកជួល។ បន្ទាប់ពីចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ ២០០ ដុល្លារអាមេរិកក្នុង១ខែ ជនសង្ស័យបានប្រាប់ថា នឹងរើអីវ៉ាន់ចូលនៅពេលល្ងាច ហើយសុំខ្ចីអំបោស និងសាប៊ូបោសសម្អាតផ្ទះ។
ក្រោយមក ជនសង្ស័យបានឡើងទៅហៅជនរងគ្រោះឱ្យជួយចាក់សោរបើកទ្វារក្រោយផ្ទះ ខណៈជនរងគ្រោះចុះ ទៅជាន់ផ្ទាល់ដី ដោយមិនបានចាក់សោរបន្ទប់ជាន់ទី១ ឆ្លៀតឱកាសល្អ ជនសង្ស័យក៏លួចចូលបន្ទប់ជាន់ទី១ យកកាបូបយួរដៃពណ៌ខ្មៅដែលទុកលើពូក មាន :
– ខ្សែកមាស ទម្ងន់ ១ តម្លឹង ចំនួន ០១ ខ្សែ
– លុយដុល្លារ ចំនួន ៣,៦០០ ដុល្លារអាមេរិក
– លុយខ្មែរ ចំនួន ៦០០,០០០ រៀល
– ទូរសព្ទដៃម៉ាក OPPO ពណ៌ស ចំនួន ០១ គ្រឿង
រួចជិះម៉ូតូគេចខ្លួនបាត់ ។
លុះក្រោយដឹងថាបាត់ទ្រព្យសម្បត្តិ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
ក្រោយឃាត់ខ្លួននៅខណ្ឌសែនសុខ និងដកហូតម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HS-4174 លេខតួ និងលេខម៉ាស៊ីន 5554672 សមត្ថកិច្ចបានបន្តសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ នាំជនសង្ស័យទៅឆែកឆេរផ្ទះជួលរបស់ខ្លួននៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ដកហូតបានខ្សែកលោហធាតុ ពណ៌លឿង (ទម្ងន់ ១ តម្លឹង) ចំនួន ០១ ខ្សែ និងលុយចំនួន ៣,៦០០ ដុល្លារអាមេរិក ។ ចំណែកទូរសព្ទ OPPO ពណ៌ស និងលុយខ្មែរ ៦០០,០០០ រៀល មិនទាន់រកឃើញនៅឡើយទេ ខណៈជនសង្ស័យអះអាងថាមិនបានឃើញក្នុងកាបូប។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចកាបូបរបស់ជនរងគ្រោះយកទៅលាក់ទុកនៅផ្ទះជួលពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច