ខេត្តកំពង់ធំ ៖ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធី បើកមហោស្រពសិល្បៈ «សាយ័ណ្ហគង្គា – ជំនោរនៃក្តីសង្ឃឹម» នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណអគារផ្ទះបារំាង។ មហោស្រពសិល្បៈ «សាយ័ណ្ហគង្គា – ជំនោរនៃក្តីសង្ឃឹម» ដែលរៀបចំឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺជាព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈមួយ ដែលមានគោលបំណងបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ខេត្តកំពង់ធំ ព្រមទាំងបង្កើតឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចូលរួមទស្សនា ស្វែងយល់ និងរីករាយជាមួយសកម្មភាពសិល្បៈផ្សេងៗ។
ក្នុងឱកាសនេះ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍អំពាវនាវ និងគោរពអញ្ជើញពុកម៉ែ មាមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទស្សនាមហោស្រពសិល្បៈ «សាយ័ណ្ហគង្គា – ជំនោរនៃក្តីសង្ឃឹម» ឱ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោកបន្តថា ការអញ្ជើញចូលរួមរបស់ប្រជាពលរដ្ឋ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រ និងលើកស្ទួយវិស័យសិល្បៈ និងវប្បធម៌ ព្រមទាំងបង្ហាញពីស្មារតីស្រឡាញ់ និងថែរក្សាមរតកវប្បធម៌ជាតិ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋបានជួបជុំគ្នា ចូលរួមក្នុងសកម្មភាពសង្គម និងបង្កើតបរិយាកាសរីករាយក្នុងសហគមន៍ផងដែរ។
លោកបន្តថា មហោស្រពដែលមានឈ្មោះថា «សាយ័ណ្ហគង្គា – ជំនោរនៃក្តីសង្ឃឹម» បានបង្ហាញពីសារដ៏មានអត្ថន័យនៃក្តីសង្ឃឹម ការរួបរួម និងការចូលរួមលើកកម្ពស់សិល្បៈវប្បធម៌។ ការរៀបចំព្រឹត្តិការណ៍បែបនេះ ក៏អាចជាចំណែកមួយក្នុងការផ្សព្វផ្សាយសក្តានុពលរបស់ក្រុងស្ទឹងសែន និងខេត្តកំពង់ធំ ឱ្យកាន់តែទូលំទូលាយ តាមរយៈសកម្មភាពវប្បធម៌ និងសិល្បៈ។
លោកអភិបាលខេត្ត បានគោរពអញ្ជើញប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងភ្ញៀវទេសចរ ចូលរួមគាំទ្រមហោស្រពនេះឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍សិល្បៈនៅក្រុងស្ទឹងសែនក្លាយជាឱកាសដ៏មានអត្ថន័យសម្រាប់ការលើកស្ទួយវប្បធម៌ និងសិល្បៈនៅក្នុងខេត្តកំពង់ធំ។
សូមបញ្ជាក់ថា មហោស្រពសិល្បៈ «សាយ័ណ្ហគង្គា – ជំនោរនៃក្តីសង្ឃឹម» នឹងប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ដើម្បីគាំទ្រសិល្បៈ វប្បធម៌ និងរួមគ្នាផ្សព្វផ្សាយភាពស្រស់បំព្រងនៃខេត្តកំពង់ធំ៕

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច