ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ ប្រមូលផ្តុំគំនិតឯកភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្តចារទំទ័ពថ្មីនៃ”អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក”

ចែករំលែក៖

ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ទីក្រុង Shenzhenនៃ​ប្រទេសចិនបាន​ទាក់​ទាញ​ក្រសែចក្ខុ​របស់ពិ​ភពលោកទាំង​មូល។
  ការអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៦  ការសម្រេចបាននូវ «ចក្ខុវិស័យស៊ិនជិនរបស់ថ្នាក់ដឹកនាំ APEC ឆ្នាំ ២០២៦» ដែលប្រកបដោយមហិច្ឆតា ភាពប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ  ព្រមទាំងការចេញផ្សាយឯកសារសមិទ្ធផលចំនួន៣  ក្នុងវិស័យពាណិជ្ជកម្ម ការតភ្ជាប់គ្នា និងនវានុវត្តន៍… លទ្ធផលជា​ផ្លែផ្កាមួ​យ​ចំនួន​បានក្លាយ​ជា​សក្ខីភាព​នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឈានដល់កម្រិតកំពូលថ្មីមួយទៀត។ ​។
   ក្នុងរយៈពេលជាង៣០ឆ្នាំមកហើយ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងខ្លាំង ​ ដែ​លបង្កើតបានជា “អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” នៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ នៅ​ឆ្នាំ២០២០  អង្គការAPEC បានដាក់ចេញទស្សនទានPutrajaya ដោយលើកឡើងនូវគោលដៅស្តី​ពីការបង្កើតសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំ ២០៤០។  ឥឡូវនេះ មានរយៈពេលត្រឹមតែ​ជាងមួយទសវត្សរ៍ទៀតប៉ុណ្ណោះដើម្បីសម្រេចបាន​នូវ​គោលដៅនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក​ប្រឈមនឹងការសាកល្បង​និងកាលានុវត្តភាពថ្មីៗ។
 ប្រឈម​មុខនឹង​ស្ថានការណ៍​ថ្មីនេះ តើយើងត្រូវកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកយ៉ាង​ណា​? តើយើងត្រូវ​កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកតាម​របៀបណា? តើយើងត្រូវ​បន្ត​ចារ​ទំព័រ​ថ្មីនៃ”អច្ឆរិយ​អាស៊ី-ប៉ាស៊ីហ្វិក”យ៉ាងដូចម្តេច? សំណួរទាំងនេះតម្រូវឱ្យគ្រួសារអាស៊ី-ប៉ាស៊ី​ហ្វិ​កមានគំនិតឯកភាពរួមថ្មី និងផ្តល់​ចម្លើយយ៉ាង​ច្បាស់លាស់ ។
    តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាផ្ទះនិងជាឬសគល់របស់ប្រទេសចិន ហើយប្រទេសចិនគឺជាអ្នកផ្តួចផ្តើម អ្នកផ្សព្វផ្សាយនិងជាអ្នកត្រួសត្រាយផ្លូវនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី​ហ្វិ​ក។ ដោយប្រឈមមុខនឹងវិញ្ញាសានៃយុគសម័យថ្មី លោកXi Jinping ប្រធានរដ្ឋ​ចិន​បានលើកឡើងយ៉ាងច្បាស់អំពីការជំរុញ​ការ​កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលរួម​កម្លាំង​ជា​ធ្លុង​មួយ​ និង​ពុះ​ពារ​ឧបសគ្គ​ជា​មួយគ្នា មានភាពបើកទូលាយ ​នវានុវត្តន៍ និង អភិវឌ្ឍប្រ​កប​ដោយការរួមបញ្ចូលគ្នា។ លោកបានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់បណ្តាភាគី​ទាំងអស់ ដើម្បីរួមគ្នាកសាង ” «សសរទ្រូងទាំងបួន និងសសរគ្រឹះទាំងប្រាំបី”នៃសហគមន៍អា​ស៊ី​-ប៉ាស៊ីហ្វិក ហើយបានពន្យល់យ៉ាងស៊ីជម្រៅអំពីខ្លឹមសារ​ដ៏សម្បូរបែប ពោលគឺ”សសរទ្រ​ង់​ទាំងបួន” គឺសេដ្ឋកិច្ចពាណិជ្ជកម្ម  ការតភ្ជាប់គ្នា នវានុវត្តន៍ និងការអភិវឌ្ឍ។ ” សសរគ្រឹះទាំងប្រាំបី” គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជា​ប់​ផ្នែក​បទប្បញ្ញត្តិ ការតភ្ជាប់ដួងចិត្ត​ប្រជាជននិងប្រជាជន ព្រម​ទាំងសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាងើបឡើង​ថ្មី ការកសាងសមត្ថភាព និងកំណើនប្រកបដោយចីរភាព។ ប្រការ​ទាំងនេះផ្សារ​ភ្ជាប់​ជា​មួយ​គ្នា ​និង​ជំរុញ​គ្នា​ទៅវិញទៅមក ដែលគាំទ្រដល់ក្របខ័ណ្ឌទាំង​មូល​នៃសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក។
   ភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការ គឺជាមធ្យោបាយដ៏ចាំបាច់​សម្រាប់ការអភិវឌ្ឍនិងការស្តារ​ឡើងវិញនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំអង្គការ​​APEC​លើក​នេះ ពាក្យគន្លឹះពីរនៅក្នុងវិស័យបើកទូលាយ ​និងកិច្ចសហប្រតិបត្តិការ បានទាក់ទា​ញ​ការចាប់អារម្មណ៍យ៉ាងខ្លាំង ៖ ទី១.«តំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក»ទី​២.​«កា​រ​តភ្ជាប់គ្នា»។ ឆ្នាំនេះគឺជាខួបលើកទី២០នៃការ​លើកឡើង​ទស្សនទាន​សម្រាប់តំបន់ពា​ណិជ្ជ​កម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក។ នៅឆ្នាំ២០១៤ នៅបឹងYanqiទីក្រុងប៉េកាំង តំបន់ពាណិជ្ជកម្មសេ​រី​អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានដាក់ឱ្យដំណើរការ ហើយ«ផែនការ​មេស្តីពី​ការ​តភ្ជាប់គ្នា​នៃ​APEC (២០១៥-២០២៥)» ត្រូវបានអនុម័ត។ នៅឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹ​កនាំ APEC នៅទីក្រុង Shenzhen «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម APEC »ត្រូវបានអនុម័ត ហើយកំណែដែលមានលំដាប់​កាន់តែ​ខ្ពស់នៃផែនការមេ​ស្តីពី​ការតភ្ជាប់គ្នា​នៃ​APEC ត្រូវបានសម្រេច ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះកាន់​តែ​រឹងមាំស​ម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
 បើ​ពិភពលោកចង់ទទួល​ការអភិវឌ្ឍ នោះ​ត្រូវ​ពឹងផ្អែកលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ «ចក្ខុវិស័យ ​​សិនជិន» ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំនេះបង្ហាញថា គ្រប់បណ្តាភាគីទាំងអស់មានឆន្ទៈដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា រួមគ្នាគាំទ្រគោលបំណង​ដើមរបស់អង្គការ APEC និងជំរុញសហគម​ន៍អាស៊ី-ប៉ាស៊ីហ្វិកឱ្យឈានចូលទៅក្នុងដំណាក់កាលថ្មីនៃការអនុវត្តជាក់ស្តែង ។ ដោយចាត់ទុ​កក្រុង​សិនជិនជាចំណុចចាប់ផ្តើមថ្មី ប្រទេសចិនរីករាយ​ធ្វើការជាមួយអង្គភាព​សេដ្ឋកិច្ចដែលជា​សមាជិកទាំងអស់ ដើម្បីបន្ត​ចារ​ទំព័រ​ថ្មីនៃ​​​​​”អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” នៅក្នុងចរន្តនៃយុគសម័យ ដើម្បី​រួមចំណែកកាន់តែធំធេងដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក៕

ប្រភព ៖ (CCFR) 


ចែករំលែក៖