ព័ត៌មានទាន់ហេតុការណ៍៖

ដឹកចូលផ្ទះសំណាក់សួរថា យកបង ឬយកគេ ខាងស្រីឆ្លើយថា យកគេ ក៏សម្លាប់ចោល រួចមកប៉ុស្តិ៍ប៉ូលីសសារភាព

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ករណីឃាតកម្ម កើតឡើងពាក់ព័ន្ធនឹង រឿងស្នេហាត្រីកោណ ដោយនារីលក់ថ្នាំពេទ្យម្នាក់ ដែលត្រូវបានរាយការណ៍ថា ជិតដល់ថ្ងៃភ្ជាប់ពាក្យនៅសប្តាហ៍ក្រោយនេះ​ ខណៈ​ដែលអតីតបុរស ជាសង្សារ ដែលជាទាហានម្នាក់ អា.ក សម្លាប់នៅក្នុងផ្ទះសំណាក់​ អង្គាសិល្ប៍នៅក្រុង-ខេត្តកំពង់ចាម ។

តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់ធ្លាប់ធ្វើជាទាហាន មានទីលំនៅក្នុងភូមិអន្លូងដូង​ ឃុំពង្រ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ ហើយនៅរសៀលថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦នេះ​ បានណាត់គ្នាជាមួយនារីងគ្រោះខាងលើ មកលេងទីរួមខេត្តកំពង់ចាម​ ដោយបានសំរាកមួយយប់ នៅផ្ទះសំណាក់យីហោអង្គាសិល្ប៍ ក្នុងភូមិជ្រោយ​ថ្ម​ សង្កាត់​បឹងកុក​ ក្រុង- ខេត្តកំពង់ចាម​ ។

ប្រភពពីការសារភាព ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា​ ខ្លួនបានស្រឡាញ់នារីរងគ្រោះ​ ឈ្មោះ​ ពៅ​ ចាន់ឌី​ មានមុខរបរ(លក់ថ្នាំពេទ្យ​) ហើយធ្លាប់រស់នៅក្នុងភូមិឃុំស្រុកជាមួយជនសង្ស័យខាងលើផងដែរ ។ តែក្រោយ មកនារីរងគ្រោះបានផ្លាស់ទីលំនៅទៅរស់នៅភូមិអណ្តូងល្វេ​ ឃុំជប់​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​។

នៅព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ ជនសង្ស័យបានសួរនាំទៅនារីរងគ្រោះនៅក្នុងបន្ទប់ផ្ទះសំណាក់អង្គាសិល្ប៍នេះថា តើអូនជ្រើសរើសបង ឬ ជ្រើសរើសគេ!? ពេលនោះ នារីរងគ្រោះបានឆ្លើយប្រាប់ថា អូនជ្រើសរើសគេហើយ​ ដែលត្រៀមភ្ជាប់ពាក្យនៅសប្តាហ៍ក្រោយនេះហើយ​ ។

ក្រោយពីឮចម្លើយបែបនេះមក​ បុរសជាជនសង្ស័យបានឈ្លោះប្រកែកគ្នា ឈានដល់ប្រើអំពើហិង្សាយ៉ាងធ្ងន់ដោយអា.ក បណ្ដាលឱ្យនារីរងគ្រោះបាត់បង់ជីវិតភ្លាមៗ នៅក្នុងបន្ទប់ផ្ទះសំណាក់ ។ 

បន្ទាប់ពីកើតហេតុ បុរសសង្ស័យរូបនេះបានចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលបឹងកុក​ ក្រុង- ខេត្តកំពង់ចាម។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំបន្តស៊ើបអង្កេតបន្ត តាមនីតិវិធីច្បាប់ ៕

ដោយ៖ សូរិយា


ចែករំលែក៖