ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកកៀនស្វាយឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ករណីហិង្សាដោយ ចេតនាបានកើតឡើងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៨:៤០នាទីនៅចំណុចផ្លូវកែងជ្រោយព្រីង ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ផន គុន្ថា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។ រីឯជន សង្ស័យឈ្មោះ ឃីម សុភ័ណ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន ។ សម្ភារៈចាប់យករួមមាន ៖ដំបងឬស្សី០១ ប្រវែង១,៤៥ម៉ែត្រ។
មន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីធ្វើការនៅរោងចក្រយីដា ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។ ពេលមកដល់ផ្ទះបានឃើញជនសង្ស័យ រួមជាមួយប្ដី និងបងប្អូន កំពុងអង្គុយផឹកស្រាថ្នាំនៅលើគ្រែមុខផ្ទះរបស់ខ្លួន។ ពេលនោះជនសង្ស័យមានភាពស្រវឹងស្រា បានបោកទូរសព្ទនិងឆ្នាំងសាករបស់ខ្លួននៅលើគ្រែផឹក(ខឹងទូរស័ព្ទសាកថ្មអត់ចូល) រួចនិយាយថា អាណាខ្លាំងអញវ៉ៃទាំងអស់ ឃើញដូច្នេះប្ដីរបស់ជនរងគ្រោះរួមទាំងជនរងគ្រោះបានដេញជនសង្ស័យឲ្យទៅផ្ទះ។
ពេលនោះជនសង្ស័យ ខឹងនឹងជនរងគ្រោះដេញខ្លួនឲ្យទៅផ្ទះ ក៏បានជេរប្រមាថរទៅលើជនរងគ្រោះ ចំនែកជនរងគ្រោះបានជេរតបទៅវិញ។ ពេលជនរងគ្រោះដេញជនសង្ស័យទៅផ្ទះ ដើរបានប្រហែល២០ម៉ែត្រ ជនរងគ្រោះបានដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ រួចក៏ជិះម៉ូតូទៅទិញថ្នាំលាបសក់និងសាប៊ូ ជិះកាត់មុខផ្ទះជនសង្ស័យ។ ភ្លាមនោះជនសង្ស័យឃើញជនរងគ្រោះជិះម៉ូតូកាត់មុខផ្ទះក៏ស្ទុះពីក្នុងផ្ទះរបស់ខ្លួន យកដំបងឬស្សីវាយទៅលើជនរងគ្រោះ១ដំបង ចំក្បាលផ្នែកខាង មុខមានរបួសចេញឈាមបណ្ដាលឲ្យដួលម៉ូតូ ។
ពេលឃើញជនរងគ្រោះដួលម៉ូតូ ជនសង្ស័យបានវាយទៅលើជនរងគ្រោះ១ដំបងទៀត ត្រូវចំជើងបណ្ដាលឱ្យរបួសស្រាល។ ឃើញសកម្មភាពដូចនេះបងប្អូនរបស់ជនរងគ្រោះបាននាំគ្នាមកជួយឃាត់ រួចនាំជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យអមរៈ(មន្ទីពេទ្យឯកជន)ស្ថិតក្នុងឃុំឈើទាល ។
ក្រោយមកមានប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើត ហេតុបានទូរស័ព្ទរាយការណ៍ពីសកម្មភាពដូចខាងលើមកនគរបាលប៉ុស្តិ៍កំពង់ស្វាយ ។ ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍កំពង់ស្វាយ បានចុះទៅដល់ កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខនគរបាល ជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឬស្សីវាយទៅលើជនរងគ្រោះមែន។ មូលហេតុដោយសារខ្លួនស្រវឹងស្រា និងចោទជនរងគ្រោះថាជនរងគ្រោះថតសកម្មភាពរបស់ខ្លួន ៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច