ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤​ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ»

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​ថា​ ពិព័រណ៍ផលិតផលខ្មែរ ជាវេទិកាផ្សារភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងអ្នកលក់រាយ សំដៅជំរុញឱ្យមានការផ្លាស់ប្ដូរពីការផ្សព្វផ្សាយផលិតផលទៅជាការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម។

-សម្ដេចធិបតី ថ្លែងថា​ ពិព័រណ៍ផលិតផលខ្មែរ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) គឺជាការផ្សារភ្ជាប់រវាងអ្នកផលិត អ្នកលក់ដុំ និងអ្នកលក់រាយ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងប្រទេសឱ្យអស់ពីលទ្ធផល និងប្រកបដោយគុណភាព ព្រមទាំងតម្លៃសមរម្យ។

-​ សម្ដេចធិបតី ថ្លែងប្រាប់ពីប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» មានន័យថា រោងចក្រសហគ្រាសក្នុងស្រុក ត្រូវរួមគ្នាផលិតឱ្យបានច្រើន ប្រកបដោយគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព។ 

-​ សម្ដេចធិបតី​ គូសបញ្ជាក់ថា​ អ្នកប្រើប្រាស់ក្នុងស្រុក ទាំងគេហជន រោងចក្រសហគ្រាស ត្រូវផ្ដល់អាទិភាពខ្ពស់ចំពោះផលិតផលក្នុងស្រុក ដើម្បីជំរុញសមត្ថភាពផលិតកម្ម ជំរុញតម្លៃបន្ថែម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ចជាតិជារួម។

-សម្ដេចធិបតី ថ្លែងបង្ហាញនូវមោទនភាពចំពោះផលិតករកម្ពុជា ដែលផលិតបាននូវផលិតផលជាច្រើន តាំងពីវិស័យកសិកម្ម សិប្បកម្ម និងឧស្សាហកម្មជាដើម ដែលក្នុងនោះមានតាំងពីទឹកត្រី ទឹកស៊ីអ៊ីវ សម្បកកង់រថយន្ត ប្រេងម៉ាស៊ីន និង Tablet ជាដើម ដើម្បីបំពេញតម្រូវការក្នុងប្រទេស និងនាំចេញ។ 

-​ សម្ដេចធិបតី ក៏បានជំរុញដល់ក្រុមផលិតករទាំងនោះឱ្យបង្កើនការផលិតបន្ថែមទៀត ដើម្បីបម្រើឱ្យការប្រើប្រាស់ក្នុងប្រទេស និងនាំចេញផងដែរ។

-​ សម្ដេចធិបតី ថ្លែង​អំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ស្រុះស្រួលគ្នាសហការជាមួយវិស័យឯកជន ក្នុងស្មារតីឧត្តមនិយម ឧត្តមប្រយោជន៍ជាតិ និងប្រាជជន សំដៅបង្កើតនូវសហថាមពលនៃការអភិវឌ្ឍ វិស័យសហគ្រាសធុនតូច មីក្រូតូច និងមធ្យមនៅកម្ពុជា។

-សម្ដេចធិបតី ថ្លែង​ជំរុញដល់ផលិតករក្នុងប្រទេសព្យាយាមកែច្នៃអ្វីដែលមាននៅក្នុងស្រុក ដែលក្នុងនោះមានតាំងពីដំណាំដាំដុះ ត្រី សាច់នានាជាដើម ដើម្បីផលិតចេញជាផលិតផលនានាសម្រាប់ដាក់លក់ក្នុងប្រទេស និងនាំចេញ។ 

-​ សម្ដេចធិបតី​ បញ្ជាក់បន្ថែមថា ការចេះកែច្នៃនេះ គឺដើម្បីកាត់បន្ថយការនាំចូល។

-​ សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាដៃគូមិនអាចខ្វះបានក្នុងការបង្កើតការងារ បង្កើតចំណូលគ្រួសារ លើកកម្ពស់ផលិតកម្ម និងតម្លៃបន្ថែមក្នុងស្រុក ជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងជំរុញភាពធន់ និងបរិយាប័ន្ននៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក សហគ្រាសធុនមីក្រូតូច មធ្យម មានខ្លួនតូច តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ មូលដ្ឋាន និងជាតិទាំងមូល។

-សម្ដេចធិបតី ថ្លែងថា​ នៅអំឡុងទ្វារបិទ(ថៃបិទព្រំដែន) សូមផលិតករទាំងអស់កុំដេក ហេតុនេះផលិតករទាំងអស់ត្រូវពង្រឹងគុណភាពឱ្យកាន់តែប្រសើរ លក់ក្នុងតម្លៃសមរម្យ និងត្រូវបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយធុរជននានា ដើម្បីបង្ការនៅពេលថៃបើកព្រំដែននៅថ្ងៃណាមួយ ផលិតផលក្នុងប្រទេសយើងនៅតែរឹងមាំ និងរក្សាបានកំណើននៃការនាំចេញជាដដែល ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផល ឬវត្ថុធាតុដើមមកពីថៃ។

-សម្ដេចធិបតី បានវិភាគឃើញថា ពលរដ្ឋកម្ពុជាបានចំណាយលើការទិញផលិតផលនានាមកប្រើប្រាស់ប្រចាំថ្ងៃ ដែលក្នុងនោះមានដូចជា ក្រដាស ទឹកដោះគោ ចាន ឆ្នាំងជាដើម គឺមិនតិចជាង ១០០០០០០០០០ ដុល្លារនោះទេ ។ 

-​ សម្ដេចធិបតី​ បន្ថែមថា​ ហេតុនេះយើងត្រូវបង្កើនការផលិតក្នុងប្រទេសឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីកាត់បន្ថយការនាំចូល និងដើម្បីជាចំណូលដល់ផលិត ករក្នុងប្រទេស។

-​ សម្ដេចធិបតី​ ថ្លែងថា​ ក្នុងបរិបទពហុវិបត្តិ ការពង្រឹងផលិតកម្មក្នុងស្រុក គឺស្មើនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដោយផ្ដោតលើសមត្ថភាពការផលិតទំនិញ ការផ្ដល់សេវាប្រកួតប្រជែង។

-​ សម្ដេចធិបតី​ ថ្លែងបន្តថា​ កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ដែលការផ្លាស់ប្ដូរឋានៈនេះ គឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និងរោងចក្រសហគ្រាសរបស់យើង ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ 

-​ សម្ដេចធិបតី​ គូសបញ្ជាក់ថា​ ដូច្នេះការកែលម្អ គុណភាពផលិតផល ការពង្រឹងផលិតភាពផលិតកម្ម ការបង្កើតផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារ ជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ។ 

-​ សម្ដេចធិបតី​ ថ្លែងណែនាំឱ្យម្ចាស់រោងចក្រ សហគ្រាស ត្រូវចាំថាការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព សុវត្ថិភាព ស្តង់ដា ថ្លៃសមរម្យ និយាយរួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល ទើបជាកត្តាជំរុញឱ្យមានការគាំទ្រជ្រើសរើសប្រើប្រាស់ជាប្រចាំ។

-​ សម្តេចធិបតី ថ្លែង​ណែនាំឱ្យភាគីពាក់ព័ន្ធសិក្សាច្បាប់ WTO ដើម្បីការពារសិប្បកម្ម ឬឧស្សាហកម្មមួយចំនួន ដោយកំណត់ឱ្យមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះដែលអាចវិនិយោគបាន មិនអនុញ្ញាតឱ្យជនបរទេសចូលវិនិយោគឡើយ។

-​ សម្ដេចធិបតី​ ថ្លែង​ថា​ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ពិសេសប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងធម្យម ដែលបានសិក្សា និងគ្រោងដាក់ចេញ ១- អនុក្រឹត្យស្ដីពី ការគ្រប់គ្រង់វដ្ដអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជួយសម្រួលដល់ការដំណើរការគ្រប់គ្រងអាជីវកម្មតាំងពីដំណាក់កាលចាប់ផ្ដើមរហូតដល់ដំណើរការបិទបញ្ចប់អាជីវកម្ម។ ២- អនុក្រឹត្យស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងធម្យម ដើម្បីជួយឱ្យអាចងើបឡើង ឈរជើង និងដើរបានលឿន តាមរយៈយន្តការលើកទឹកចិត្ត ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដោយផ្ទាល់ និងដោយប្រយោល។ បានបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការជវភាពនៃប្រព័ន្ធតួអង្គតែមួយ សម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធដោយតម្លាភាព ការទទួលសខុសត្រូវ និងភាពប្រាកដប្រជានិយម។

-​ សម្តេចធិបតី ថ្លែង​ណែនាំឱ្យវិស័យឯកជន ត្រូវយកចិត្តទុកដាក់លើគុណភាពផលិតផលក្នុងស្រុក កុំលេងផ្លូវកាត់ បន្ថយគុណភាពដើម្បីតែផលចំណេញ ដោយមិនគិតគូរពីសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់។

-​ សម្ដេចធិបតី ថ្លែង​លើកទឹកចិត្តដល់អ្នកផលិតទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសនាំចេញផលិតផលមួយចំនួនទៅក្រៅប្រទេស គឺមិនត្រឹមតែជាប្រទេសឈប់នាំចូល និងផលិតសម្រាប់ប្រើប្រាស់ក្នុងស្រុកនោះទេ។ តែអ្វីដែលសំខាន់ គឺត្រូវផ្ដោតលើគុណភាព តម្លៃ និងសមត្ថភាពប្រកួតប្រជែង។

-​ សម្តេចធិបតី ថ្លែង​ណែនាំ មន្ត្រីធ្វើជាគំរូ ដល់មហាជន ត្រូវប្រុងប្រយ័ត្ន យកក្រណាត់បរទេស ពិសេសក្រណាត់ប្រទេសជិតខាង មកកាត់សំលៀកបំពាក់ប្រពៃណីចូលរួមកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិ។ 

-​ សម្ដេចធិបតី ក៏បានណែនាំ ដល់កូនមន្ត្រី ប្រយ័ត្ន និងកុំជ្រើសយកសំលៀកបំពាក់ប្រទេសជិតខាងមកស្លៀកពាក់ក្នុង ពិធីមង្គលការរបស់ខ្លួន។

នាឱកាសនោះដែរ​ លោកឧកញ៉ា តែ តាំងប៉​ បានឱ្យដឹងថា​ ពិព័រណ៍ផលិតផលខ្មែរ លើកទី៤ មានអ្នកចូលរួមដាក់តាំងបង្ហាញប្រមាណជាង ៣០០ស្ដង់ និងផលិតផលប្រមាណជាង១០០០មុខ មកពីបណ្តាសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាទូទាំង២៥រាជធានី-ខេត្ត និងទទួលបានការចូលរួមសហការគាំទ្រដោយ៖ ធនាគារ KB PRASAC , ក្រុមហ៊ុន OCIC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ធនាគារABA, ក្រុមហ៊ុនផលិតចំណីសត្វ ANT, មីសញ្ញាកងបី .. ព្រមទាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័ននានា ដែលបានបរិច្ចាគចូលរួមទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះឱ្យកាន់តែអធិកអធម។

សូមជម្រាបជូនថា​ ពិព័រណ៍នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលសន្និ​បាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ «ពិព័រណ៍ផលិតផលខ្មែរ» រៀបចំឡើង ក្នុងគោលបំណងផ្តល់​ឱកាស​ឱ្យសហគ្រាសផលិតទាំងអស់ បានចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយដល់អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត ព្រមទាំងអ្នកប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ព្រមទាំងបង្ហាញសក្តានុពល​ផលិត​ផល​ជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស្គាល់កាន់តែច្បាស់ពី​គុណ​ភាពផលិតផលក្នុងស្រុក។

ការរៀបចំពិព័រណ៍នេះឡើង ក៏ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់សហគ្រិននៅទូទាំងប្រទេស ក្នុងការ​ចាប់យកឱកាសមាស ពង្រឹងខ្សែច្រវាក់ផលិតកម្ម បង្កើតការងារ ជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីពង្រីកទីផ្សារ៕

ដោយ​៖ស​ តារា


ចែករំលែក៖