ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងការសម្របសម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ គ.ព ភេទប្រុស និងឈ្មោះ ស.ច ភេទប្រុស ពាក់ព័ន្ធករណីឆបោកប្រាក់ក្នុងរូបភាពលក់បារីតាមអនឡាញ។
តាមការស៊ើបអង្កេត និងស្តាប់ចម្លើយសារភាពរកឃើញថា ជនសង្ស័យទាំងពីរបានសារភាពថាខ្លួនពិតជាបានឃុបឃិតគ្នាបង្ហោះលក់បារីលើបណ្តាញសង្គម ដើម្បីបោកយកប្រាក់ពីអ្នកបញ្ជាទិញតាមអនឡាញ។ បច្ចុប្បន្ន សំណុំរឿង និងជនសង្ស័យទាំងពីរត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ពេលទិញទំនិញអនឡាញ ជាពិសេសត្រូវផ្ទៀងផ្ទាត់អ្នកលក់ឱ្យច្បាស់មុនផ្ញើប្រាក់ ដើម្បីកុំឱ្យចាញ់បោកជនខិលខូច៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច