ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាវៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន

ចែករំលែក៖

សារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នផ្សាយថា រដ្ឋសភាវៀតណាមនៅថ្ងៃសុក្រ បានអនុម័តក្រមព្រហ្មទណ្ឌកែសម្រួលថ្មី ដោយលុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត ដែលធ្វើឱ្យប្រទេសនេះនៅសល់បទល្មើសត្រឹមតែ ៤ប៉ុណ្ណោះដែលអាចប្រឈមនឹងទោសប្រហារជីវិត។

ក្រោមច្បាប់ថ្មីនេះ ទោសប្រហារជីវិតអនុវត្តចំពោះតែបទល្មើសក្បត់ជាតិ អំពើឃាតកម្ម ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ ខណៈបទល្មើសដែលដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការបះបោរ និងការរំលោភសេពសន្ថវៈលើអនីតិជន ហើយជំនួសមកវិញដោយទោសអតិបរមាគឺជាប់ពន្ធនាគារអស់មួយជីវិត។ ទោះបីសមាជិកសភាមួយចំនួនធ្លាប់ស្ទាក់ស្ទើរក្នុងការដកទោសប្រហារជីវិតសម្រាប់ការជួញដូរគ្រឿងញៀនក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក លឿង តាមក្វាង (Luong Tam Quang) បានលើកឡើងថា ភស្តុតាងបង្ហាញថាអ្នកជួញដូរមួយចំនួន «ត្រូវគេល្បួង បោកបញ្ឆោត ឬបង្ខិតបង្ខំ» ឱ្យប្រព្រឹត្ត ហើយពួកគេ «នៅតែអាចកែប្រែ អប់រំ និងផ្តល់ឱកាសឱ្យកែខ្លួនឡើងវិញបាន ដូច្នេះមិនចាំបាច់ដាក់ទោសប្រហារជីវិតនោះទេ»។

នេះជាជំហានចុងក្រោយនៃការកាត់បន្ថយទោសប្រហារជីវិតជាបន្តបន្ទាប់ ចាប់តាំងពីក្រមព្រហ្មទណ្ឌឆ្នាំ១៩៨៥ របស់វៀតណាម ដែលធ្លាប់កំណត់ទោសប្រហារជីវិតលើបទល្មើសរហូតដល់ ៤៤ករណី។ វៀតណាមបានប្តូរមកប្រើវិធីចាក់ថ្នាំសម្លាប់ជំនួសការបាញ់សម្លាប់តាំងពីឆ្នាំ២០១៣ ប៉ុន្តែមិនដែលបង្ហាញជាសាធារណៈពីចំនួនអ្នកទោសដែលខ្លួនប្រហារជីវិតឡើយ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប៉ាន់ប្រមាណថា មានអ្នកទោសជាង ១ ២០០នាក់ កំពុងជាប់ទោសប្រហារជីវិតនៅវៀតណាមគិតត្រឹមចុងឆ្នាំ២០២៣ ហើយកាលពីខែកញ្ញាកន្លងទៅ តុលាការក៏បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ ពីបទជួញដូរគ្រឿងញៀនពីប្រទេសបារាំងមកវៀតណាមផងដែរ៕


ចែករំលែក៖