កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន កំពុងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច និងការទូតអន្តរជាតិ។ អង្គភាពសេដ្ឋកិច្ចទាំង២១ របស់ APEC មានចំនួនប្រជាជនជិតស្មើនឹង៤០% នៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោក ហើយនៅឆ្នាំ២០២៥ បានរួមចំណែកចំនួន ៦១.៦២% ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ហើយកំណើនសេដ្ឋកិច្ចរបស់ APEC ក្នុងឆ្នាំ២០២៥ មានចំនួន៣.០៦% ដែលខ្ពស់ជាងកម្រិតមធ្យមនៃពិភពលោកដែលមានត្រឹមតែ២.៩២%។ តួលេខទាំងនេះបង្ហាញទឡ្ហីករណ៍ថា APEC មិនមែនត្រឹមតែជាវេទិកាតំបន់ដ៏មានសក្តានុពលដ៏ធំប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងសេដ្ឋកិច្ចដ៏សំខាន់ដែលអាចជះឥទ្ធិពលទៅលើកំណើនសេដ្ឋកិច្ច ការវិនិយោគ ការងារ និងជីវភាពរបស់មនុស្សជាតិនៅទូទាំងពិភពលោក ។ ដោយឡែក ការណ៍ដែលទីក្រុងសិនជិន ត្រូវបានជ្រើសរើស សម្រាប់រៀបចំព្រឹត្តិការណ៍នេះ ក៏ជាឱកាសដែលប្រទេសចិនបង្ហាញពីសក្តានុពលនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សក្តានុពលដ៏ខ្លាំងរបស់ទីក្រុងសិនជិន ដែលនិមិត្តរូបមួយនៃការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចរបស់ប្រទេសចិន បាននាំក្រុងសិនជិន វិវត្តពីតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស រីកចម្រើនទៅជាមជ្ឈមណ្ឌលសំខាន់ផ្នែកបច្ចេកវិទ្យា ឧស្សាហកម្មទំនើប នវានុវត្តន៍ និងសេវាកម្មហិរញ្ញវត្ថុ។ បទពិសោធរបស់ ក្រុងសិនជិនបង្ហាញថា ការកំណត់គោលដៅរយៈពេលវែង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធាន មនុស្ស និងការគាំទ្រនវានុវត្តន៍ អាចជួយជំរុញការប្រែក្លាយសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ។
ក្នុងចំណោមសមាជិកAPEC ប្រទេសអាមេរិក និង ប្រទេសចិន គឺជាប្រទេសមានសេដ្ឋកិច្ចធំៗពីរដែលមានឥទ្ធិពលយ៉ាងខ្លាំងលើពាណិជ្ជកម្ម បច្ចេកវិទ្យា និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ស្របពេលដែលប្រទេសរុស្ស៊ីមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យថាមពល និងភូមិសាស្ត្រនយោបាយពិភពលោកផងដែរ។ ក្នុងន័យនេះ ក្រៅពីការពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ជំនួបពិភាក្សារវាងលោក Xi Jinping ប្រធានរដ្ឋចិន លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី និងលោក Donald Trump ប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិយ៉ាងខ្លាំង ដោយជំនួបនេះបានផ្តល់ក្តីរំពឹងថា ប្រទេសចិនជាអ្នកបើកឱកាសថ្មីសម្រាប់ការសន្ទនារវាងមហាអំណាចធំៗទាំង៣ និងជាអ្នកបង្កើតក្តីសង្ឃឹមចំពោះការថែរក្សាសុខសន្តិភាពសកលតាមរយៈកិច្ចសន្ទនា។ បន្ថែមពីលើនេះ កិច្ចសន្ទនារវាងមេដឹកនាំកំពូលនៃមហាអំណាចទាំងបី មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏កម្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ពិភពលោកស្វែងរកសញ្ញាវិជ្ជមានអំពីការរក្សាស្ថិរភាពយុទ្ធសាស្ត្រ ការគ្រប់គ្រងភាពខុសគ្នា និងការកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងមហាអំណាចដោយមានប្រទេសចិនជាអ្នកសម្របសម្រួល។
ប្រាជ្ញាចិនរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏បានលើកឡើងពីសារៈសំខាន់នៃការរួមរស់ដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមក ការស្វែងរកផលប្រយោជន៍រួម និងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា ដោយបានលើកទឹកចិត្តដល់ប្រទេសទាំងអស់ ទោះបីមានប្រព័ន្ធ នយោបាយ ផលប្រយោជន៍ និងទស្សនៈខុសៗគ្នា តែត្រូវរួមគ្នាប្រកៀកស្មារជាមួយប្រទេសចិនក្នុងកិច្ចកសាងសន្តិភាពសកល ព្រោះវិបុលភាពរួមរបស់មនុស្សជាតិមិនអាចពឹងផ្អែកលើប្រទេសណាមួយតែឯងបានឡើយ ពោលគឺ វាត្រូវការការទទួលខុសត្រូវរួម និងកិច្ចសហការដែលផ្តល់ឱកាសឱ្យប្រទេសទាំងអស់រួមគ្នាក្នុងការដោះស្រាយបញ្ហាសកលបាន។ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសចិនបានគូសរំលេចពីតួនាទីរបស់ខ្លួនដែលជំរុញឱ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី ដោយប្រើប្រាស់វេទិកាAPEC ប្រទេសចិនបានដាក់ចេញនូវអាទិភាពសំខាន់ៗ រួមមាន បើកទូលាយនិងបរិយាបន្ន កំណើនផ្អែកលើការច្នៃប្រឌិតថ្មី តភ្ជាប់គ្នាសហប្រតិបត្តិការឈ្នះ-ឈ្នះ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកមានឆន្ទៈធ្វើការជាមួយអង្គភាពសេដ្ឋកិច្ចទាំងអស់។ អាទិភាពទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងស្របពេលដែលសេដ្ឋកិច្ចពិភពលោកត្រូវការទីផ្សារដែលអាចព្យាករណ៍បាន ខ្សែ ច្រវាក់ផ្គត់ផ្គង់មានភាពធន់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនផលិតភាព។
ជាសច្ចភាព APEC ឆ្នាំ២០២៦ ដែលប្រទេសចិនជាម្ចាស់ផ្ទះ ពិតមានសារៈសំខាន់ទាំងក្នុងន័យសេដ្ឋកិច្ច និងការទូត ដោយប្រទេសចិនផ្តល់ដល់ពិភពលោកយល់ច្បាស់ថា លទ្ធផលជាក់ស្តែងរបស់APEC ឆ្នាំ២០២៦ ពិតជាបាននិងកំពុងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងមូល៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច