ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៥និង០០នាទីព្រឹក មានពលរដ្ឋរាយការណ៍មកថាប្រទះឃើញមនុស្សដេកស្លាប់នៅក្បែរផ្លូវបេតុងចុះចំណោតលោកយាយម៉ៅ ឡើងទៅភូមិគ្រឹះឧកញ្ញា អ៊ូ ឆាយ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាលសហការជាមួយកម្លាំងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលនិតិវិធីពីលោក សុក កែវបណ្ឌិត ប្រធានសាលាដំបូងស្តីទី កម្លាំងបានចុះទៅទីតាំងកើតហេតុ ដើម្បីពិនិត្យសព និងស្រាវជ្រាវរកមូលហេតុ ។ បន្ទាប់ពីការពិនិត្យ និងស្រាវជ្រាវរកឃើញថាករណីខាងលើ ជាករណីឃាតកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៣ និង១០នាទីទាបភ្លឺ នៅផ្លូវបេតុងលើភ្នំ៣៥ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់ពីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងជំនាញបានឃាត់ខ្លួនបក្ខពួកក្រុមជនសង្ស័យបានសរុបចំនួន ៥នាក់ នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ពាក់ព័ន្ធករណីឃាតកម្មខាងលើ ។
អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ សម្បត្តិ ហៅ វ៉ាត់ ភេទប្រុស ជនជាតិខ្មែរ អាយុប្រហែល៤០ឆ្នាំ មានស្នាមរបួសដាច់រយះសាច់នៅលើ ក ខាងក្រោយផ្នែកខាងឆ្វេងចំនួន ១កន្លែង ទ្រូងចំនួន ១កន្លែង ស្លាប់នៅនឹងកន្លែង និងនៅ ក ដៃខាងឆ្វេងចំនួន ១កន្លែង ។
ឃាត់ជនសង្ស័យទាំង៥នាក់ (សហចារី៣នាក់ លាក់បាំងតំរុយ ១នាក់ និងមិនបណ្តឹងបរិហារបទឧក្រិដ្ឋ១នាក់)មានឈ្មោះ
១-ឈ្មោះ គា សំបូរ ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរជាងដេគ័រ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ (អ្នកដឹក) ។
២-ឈ្មោះ ថន សុខហៃ ភេទប្រុស កើតឆ្នាំ២០១០ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (អ្នកកាប់) ។
៣-ឈ្មោះ មាន វីរៈសិទ្ធ ភេទប្រុស កើតឆ្នាំ២០០៧ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ (ជាមេក្លោងនិងជាអ្នកកាប់) ។
៤-ឈ្មោះ ឌឿន ដេត ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ រាជ្យ រដ្ឋវិច្ឆ័យ ភេទប្រុស កើតឆ្នាំ២០០៩ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចំណោទរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
មូលហេតុ ៖ កាប់កាត់សាញ (ខណះពេលជនរងគ្រោះដើរតាមផ្លូវក្រុមជនសង្ស័យជិះម៉ូតូកាត់ ចុះកាប់ស្លាប់នៅនឹងកន្លែងតែម្ដង) ។
វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃ ៤គ្រឿងកាំបិត ចំនួន ២ដើម (ឧបករណ៍ធ្វើសកម្មភាព) ម៉ូតូ ១គ្រឿង ម៉ាក Beat ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 1K-3162 (ម៉ូតូជិះគេចខ្លួន) ម៉ូតូ ១គ្រឿង ម៉ាក Super Pro ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LP-5098 (ម៉ូតូជិះធ្វើសកម្មភាព) ឯកសារ និងសម្ភារផ្សេងៗមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង ៥នាក់រួមវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តច្បាប់បន្តតាមនីតិវិធី ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច