រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រកាសនៅថ្ងៃទី ២០ ខែវិច្ឆិកាថា ទីក្រុងតេអេរ៉ង់នៅតែសង្ឃឹមថានឹងបញ្ចប់ជម្លោះជាមួយសហរដ្ឋអាមេរិកតាមរយៈមធ្យោបាយការទូត ខណៈពេលដែលបញ្ជាក់ថា អ៊ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងមួយដែលធានាថាសង្គ្រាមនឹងមិនកើតឡើងវិញឡើយ។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ទីក្រុងតេហេរ៉ង់នៅតែសង្ឃឹមថា ការទូតអាចនាំទៅរកការបញ្ចប់សង្គ្រាម ជាមួយសហរដ្ឋអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៉ីរ៉ង់ចង់បានកិច្ចព្រមព្រៀង ប៉ុន្តែលក្ខខណ្ឌទាមទារ មិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក Araqchi បានប្រាប់សារព័ត៌មានរដ្ឋអ៉ីរ៉ង់ថា ការដោះដូរសារទៅវិញទៅមកនៅតែបន្តរធ្វើឡើងរវាងអ៉ីរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ហើយទីក្រុងតេហេរ៉ង់ កំពុងស្វែងរកកិច្ចព្រមព្រៀងមួយដែលធានាថា នឹងមិនមានសង្គ្រាមកើតឡើងជាថ្មី។ លោកក៏បានបញ្ជាក់ថា អ៉ីរ៉ង់ចង់បានការធានាថា ទីក្រុងវ៉ាស៊ីនតោនមានភាពស្មោះត្រង់ចំពោះការចរចា មុននឹងបន្តដំណើរការទៅមុខទៀត។ លោកបន្ថែមថា អ៉ីង់បានពិភាក្សាជាមួយអ្នកសម្របសម្រួលអំពីទម្រង់ និងលក្ខណៈនៃវិធានការកសាងទំនុកចិត្តផងដែរ។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះ បាននិយាយថា លក្ខខណ្ឌដែលអ៉ីរ៉ង់មិនអាចបោះបង់បាន រួមមានការរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ក្នុងកម្រិតខ្ពស់ នៅក្នុងប្រទេសអ៉ីរ៉ង់ ប៉ុន្តែលោកបានបញ្ជាក់ថា ដំណោះស្រាយមួយដោយយុត្តិធម៌ ប្រហែលនៅតែអាចទៅរួច។ ចំណែកលោក ត្រាំ កាលពីថ្ងៃសុក្រ បានលើកឡើងថា «ពួកគេចង់ឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែពួកគេមិនចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដែលខ្ញុំអាចទទួលយកបាននោះទេ»។ ការអត្ថាធិប្បាយទាំងនេះ ធ្វើឡើងស្របពេលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្ត ដើម្បីព្យាយាមបញ្ចប់ជម្លោះដែលបានធ្វើតំបន់មជ្ឈិមបូព៌ារងអស្ថិរភាព រំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងធ្វើឱ្យប្រទេសនានានៅទូទាំងតំបន់ ត្រូវអូសទាញចូលក្នុងជម្លោះនេះ។
សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានវាយប្រហារអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់ វាយប្រហារតបតទៅលើអ៉ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលមានមូលដ្ឋានយោធាអាមេរិកឈរជើង។ អ្នកនាំពាក្យក្រសួងការបរទេសកាតា ដែលជួយសម្រុះសម្រួលជម្លោះ បានឱ្យដឹងថា មន្ត្រីកាតានិងអ៉ីរ៉ង់បានជួបពិភាក្សាគ្នាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្នុងគោលបំណង «សម្របសម្រួលទស្សនៈ និងកាត់បន្ថយគម្លាតរវាងសំណើ ដែលបានលើកឡើងក្នុងការចរចា»៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច