ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន​ ២៧នាក់ នៅ​សង្កាត់​៣ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug.!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ចែកចាយ ជួញដូរ​ និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៣​ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោក​វរសេនីយ៍ឯក​ កាន់​ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងមានការសម្រប សម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង​ អធិការដ្ឋាននគរបាលក្រុង​ បើកប្រតិបត្តិការបង្ក្រាបករណីនេះ​ និងបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២៧នាក់(ស្រី១នាក់)។   

វត្ថុតាងចាប់យក​ ក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់​។ ​បច្ចុប្បន្នជនសង្ស័យខាងលេី​ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖