សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន (CONCACAF) បានប្រកាសកាលពីថ្ងៃអង្គារថា ព្រឹត្តិការណ៍បាល់ទាត់ Copa America នឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកម្តងទៀតនៅឆ្នាំ២០២៨។ នេះមានន័យថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតនេះពីរលើកជាប់គ្នា។
តាមការប្រកាស ការប្រកួតនឹងមានក្រុមជម្រើសជាតិចំនួន ១៦ ចូលរួម ដោយក្នុងនោះមានក្រុមចំនួន ១០ មកពីអាមេរិកខាងត្បូង និង ៦ ក្រុមមកពីអាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការ៉ាប៊ីន។
ព្រឹត្តិការណ៍នេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៨។ ចំណែកក្រុមទាំង ៦ មកពីតំបន់ CONCACAF នឹងទទួលបានសិទ្ធិចូលរួមតាមរយៈការប្រកួត Gold Cup ឆ្នាំ២០២៧។
សហរដ្ឋអាមេរិកធ្លាប់ធ្វើជាម្ចាស់ផ្ទះ Copa America លើកចុងក្រោយក្នុងឆ្នាំ២០២៤ ដែលពេលនោះក្រុមជម្រើសជាតិអាហ្សង់ទីនបានយកឈ្នះកូឡុំប៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ កន្លងមក សហរដ្ឋអាមេរិកក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតនេះក្នុងឆ្នាំ២០១៦ ផងដែរ ដោយក្រុមជម្រើសជាតិអាមេរិកបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤។
ប្រធាន CONCACAF លោក Victor Montagliani បានថ្លែងក្នុងសេចក្តីប្រកាសថា៖ «បន្ទាប់ពីកិច្ចសហការរបស់យើងក្នុងឆ្នាំ២០២៤ យើងមានសេចក្តីរីករាយក្នុងការរួមកម្លាំងគ្នាម្តងទៀត ដើម្បីនាំយកព្រឹត្តិការណ៍ CONMEBOL Copa America មកកាន់តំបន់របស់យើងនៅឆ្នាំ២០២៨»។
លោកបានបន្ថែមថា៖ «កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសថ្មីដល់ក្រុមជម្រើសជាតិចំនួន ៦ របស់ CONCACAF ក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗមួយចំនួននៅលើពិភពលោក ហើយក៏នឹងជួយពង្រឹងសារៈសំខាន់នៃការប្រកួត CONCACAF Gold Cup ផងដែរ»។
សហព័ន្ធទាំងពីរបានបញ្ជាក់ថា ព័ត៌មានលម្អិតអំពីទីក្រុង និងកីឡដ្ឋានដែលនឹងធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រកាសនៅពេលក្រោយ។
ដោយឡែក ប្រធាន CONMEBOL លោក Alejandro Domínguez បានលើកឡើងថា៖ «ព្រឹត្តិការណ៍ CONMEBOL Copa America គឺលើសពីការប្រកួតបាល់ទាត់មួយ ព្រោះវាជាផ្នែកមួយនៃអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងភាពរុងរឿងនៃបាល់ទាត់អាមេរិកខាងត្បូង»។
លោកបានបន្តថា៖ «នៅឆ្នាំ២០២៨ យើងនឹងនាំយកចំណង់ចំណូលចិត្តដ៏អស្ចារ្យនេះទៅកាន់សហរដ្ឋអាមេរិកម្តងទៀត ដើម្បីបញ្ជាក់ពីភាពជាដៃគូប្រវត្តិសាស្ត្ររបស់យើងជាមួយ CONCACAF និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការរីកចម្រើននៃវិស័យបាល់ទាត់ទូទាំងទ្វីប»៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច