ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលអន្តរជាតិ លើកទី២ នៅកម្ពុជា បានចាប់ផ្តើមជាផ្លូវការហើយ ដែលបង្ហាញពីសក្តានុពល និងសមត្ថភាពរបស់កម្ពុជាក្នុងការទាក់ទាញ និងរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ ពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់ «Vattanac Legends Championship» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍កីឡាវាយកូនគោលលំដាប់អន្តរជាតិនេះ គឺជាការរៀបចំលើកទី២ នៅក្នុងប្រទេសកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានសក្តានុពល ពង្រឹងកិត្យានុភាពជាតិ និងពង្រីកវត្តមានរបស់កម្ពុជាលើឆាកកីឡាអន្តរជាតិ។

ជាពិសេស ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងកីឡាលំដាប់អន្តរជាតិ សេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ , លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងលោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីហ្សត គណៈប្រតិភូកីឡាករនៃ The Legends Tour ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

សូមជម្រាបជូនថា កីឡាមិនត្រឹមតែជាស្ពាននៃការប្រកួតប្រជែង និងការបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពាននៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាកំពុងបង្ហាញពីសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ ព្រមទាំងបន្តពង្រឹងរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ដែលមានទាំងភាពទាក់ទាញ វប្បធម៌ បដិសណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើប៕

ដោយ៖តារា


ចែករំលែក៖