ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះវិហារ បង្ក្រាបករណីចោរកម្មលួចទ្រព្យសម្បត្តិអ្នកដទៃ នៅភូមិអណ្តូងពោធិ៍ ក្រុងព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ ១ នាក់

ចែករំលែក៖

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវស៊ើបអង្កេតឈានដល់ការកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ភេទប្រុស ពាក់ព័ន្ធករណីចោរកម្មលួចទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចផ្ទះរបស់ឈ្មោះ ហោ លីហៀង ភេទប្រុស ស្ថិតក្នុងភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជនសង្ស័យមានឈ្មោះ ធឿង បញ្ញា ហៅអាខ្មៅ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ។

សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖

-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦     កញ្ចប់

-លោហធាតុពណ៌លឿង (មាស) ទម្ងន់ ១,៩១ ជី

-ទូរស័ព្ទដៃ ចំនួន ៥ គ្រឿង

-កាមេរ៉ាថតរូប ចំនួន ២ គ្រឿង

-កាបូបស្ពាយ ចំនួន ១

-ទួរណឺវីស ចំនួន ២

-កាំបិតចុងស្រួច ចំនួន ១

-កន្ត្រៃ ចំនួន ១

-ម៉ាឡេត ចំនួន ១

-ដង្កាប់ ចំនួន ១

-អាគុយ ចំនួន ១

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១ សន្លឹក

បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារៈវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ សុរិយា


ចែករំលែក៖