ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនបង្កក្នុងករណីឃាតកម្មបាញ់សម្លាប់ស្ត្រី ២ នាក់ នៅស្រុកបាណន់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនជនដៃដល់ក្នុងករណីឃាតកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយ បន្ទាប់ពីបានឃាត់ខ្លួន សាកសួរ និងរៀបចំសំណុំរឿងរួចរាល់។

គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥:០០ នាទីរសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឃាតកម្មបាញ់សម្លាប់បណ្ដាលឱ្យស្ត្រី ២ នាក់ បាត់បង់ជីវិតនៅនឹងកន្លែង រួមមានឈ្មោះ ប៊ុនណា សុគន្ធី ភេទស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាប្រពន្ធជនបង្ក) និងឈ្មោះ នេត ដានី ភេទស្រី អាយុ ៣៥ ឆ្នាំ (ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនបង្ក)។ ពេលធ្វើសកម្មភាពរួច ជនបង្កបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។

ទទួលបានព័ត៌មាននេះ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងអន្តរាគមន៍បង្ការបង្ក្រាប មាននាយការិយាល័យក្នុងផែន ព្រមទាំងកម្លាំងនគរបាលទាំង ១៤ ក្រុង-ស្រុក ចេញធ្វើសកម្មភាពភ្លាមៗ រហូតឃាត់ខ្លួនជនបង្កបាននៅស្រុកកំរៀង ខេត្តបាត់ដំបង នាវេលាម៉ោង ១៦ និង ៤០ នាទីថ្ងៃដដែលនោះ គឺឈ្មោះ ឈុន ពៅ ហៅអូន ភេទប្រុស អាយុ ៥១ ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនគេពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរងគ្រោះទាំង ២ នាក់ប្រាកដមែន ដោយផ្ដើមចេញពីភ្លើងប្រចណ្ឌរវាងប្រពន្ធខ្លួន និងបុរសម្នាក់ និងមានកំហឹងជាមួយស្ត្រីជាមិត្តភក្តិប្រពន្ធផង ក៏បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថានារីរងគ្រោះរូបនេះតែងតែបង្ខំឱ្យប្រពន្ធរបស់ខ្លួនលែងលះ និងបំបែកបំបាក់គ្រួសារ បន្ទាប់មកទើបបាញ់ប្រពន្ធខ្លួនជាក្រោយ មុនពេលបើករថយន្តគេចខ្លួន។ ចំពោះអាវុធខ្លីដែលធ្វើសកម្មភាពនេះ គេប្រាប់ថាបានទិញពីប្រទេសថៃយូរដែរហើយ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

អាវុធខ្លី ១ ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ បង់ ២ និងគ្រាប់ ១៥ គ្រាប់

រថយន្ត ១ គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ 2K-4545៕

ដោយ៖ សុរិយា


ចែករំលែក៖