ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍៖ ៣ថ្ងៃបុណ្យអុំទូក ស្លាប់ជិត៣០នាក់ បើគិតពីដើមខែវិច្ឆិកា មានអ្នកស្លាប់១៤៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងនៅទូទាំងប្រទេសចំនួន ៣៧ករណី បណ្តាលឱ្យមនុស្សស្លាប់ ២៧នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន ៤៩នាក់។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួននេះកើនឡើង១១ករណី ស្លាប់កើនឡើង ១៤នាក់ និងអ្នករងរបួសកើនឡើង១៦នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

របាយការណ៍ឱ្យដឹងទៀតថា គ្រោះថ្នាក់ភាគច្រើនបានកើតឡើងនៅចន្លោះពេលយប់ ចំនួន ២០ករណី ខណៈមូលហេតុចម្បងរួមមាន ការបើកបរលើសល្បឿនកំណត់ ១៤ករណី មិនគោរពសិទ្ធិ ៩ករណី មិនប្រកាន់ស្ដាំ ៥ករណី ប្រជែង ៤ករណី ស្រវឹង ៣ករណី និងបត់មិនប្រយ័ត្ន ២ករណី។ គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម និងខេត្តព្រៃវែង។

បើគិតពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងចំនួន ២២៣ករណី បណ្តាលឱ្យមនុស្សស្លាប់ ១៤៤នាក់ និងរងរបួស ៣១៤នាក់ ដោយក្នុងនោះ ១២៩ករណី កើតឡើងនៅពេលយប់៕


ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ចែករំលែក៖