នៅថ្ងៃទី 25 ខែវិច្ឆិកា កងកម្លាំងអ៊ុយក្រែនបានរាយការណ៍ថា បានវាយប្រហារយន្តហោះចម្បាំង MiG-31 ចំនួនបីគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក Su-34 ចំនួនពីរគ្រឿង ដែលជារបស់រុស្ស៊ី នៅមូលដ្ឋានទ័ពអាកាស Savasleyka ក្នុងខេត្ត Nizhny Novgorod។
មូលដ្ឋាន Savasleyka របស់រុស្ស៊ី គឺជាទីតាំងរបស់យន្តហោះ MiG-31K ដែលប្រើសម្រាប់បាញ់មីស៊ីលផ្លោងលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែក Su-34។
រុស្ស៊ីតែងតែប្រើប្រាស់មីស៊ីលលឿនជាងសំឡេងទាំងនេះ ក្នុងការវាយប្រហារដែលកំណត់គោលដៅទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅអ៊ុយក្រែន។
រុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មានដែលថាអ៊ុយក្រែនបានវាយប្រហារយន្តហោះចំនួនប្រាំគ្រឿងនៅមូលដ្ឋានទ័ពអាកាស Savasleyka នៅឡើយទេ។
លើសពីនេះ ទីក្រុងគៀវក៏បានបើកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Kuibyshev និង Syzran ក្នុងខេត្ត Samara ដែលបណ្តាលឱ្យមានអគ្គីភ័យ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធចម្រាញ់ប្រេងមួយចំនួន នេះបើយោងតាមកាសែត Kyiv Post។
រោងចក្រចម្រាញ់ប្រេងទាំងពីរនេះជាកម្មសិទ្ធិរបស់សាជីវកម្មប្រេង និងឧស្ម័ន Rosneft របស់រុស្ស៊ី ដែលមានសមត្ថភាពកែច្នៃប្រេងឆៅប្រចាំឆ្នាំសរុបជាង ១៥ លានតោន។
បន្ទាប់ពីការវាយប្រហារនេះ អាជ្ញាធរខេត្ត Samara បានបញ្ជាក់ថា តំបន់នោះបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំនៅយប់ថ្ងៃទី ២៤ ខែវិច្ឆិកា។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធររុស្ស៊ីមិនទាន់បានចេញផ្សាយពីវិសាលភាពនៃការខូចខាតនៅរោងចក្រចម្រាញ់ប្រេង Kuibyshev និង Syzran នៅឡើយទេ។
នៅខាងទីក្រុងមូស្គូ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃទី ២៥ ខែវិច្ឆិកាថា យោធារបស់ខ្លួនបានវាយប្រហាររោងចក្រផលិត និងរក្សាទុកយន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធមនុស្សយន្តរបស់អ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
លើសពីនេះ ទីក្រុងមូស្គូក៏បានធ្វើការវាយប្រហារតាមអាកាសដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រោងចក្រឧស្សាហកម្មយោធា និងកប៉ាល់ដែលគាំទ្រប្រតិបត្តិការយោធាអ៊ុយក្រែន៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច