អេហ្ស៊ីប៖ យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ នៅពេលដែលឡានដឹកប្រេងមួយគ្រឿងបានក្រឡាប់ ហើយផ្ទុះឆេះនៅលើផ្លូវមួយក្នុងខេត្ត Giza។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឡានដឹកប្រេងមួយគ្រឿងបានក្រឡាប់ ហើយផ្ទុះឆេះ ដែលបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយបានលេបត្របាក់រថយន្តជាច្រើនគ្រឿង។ វីដេអូដែលកំពុងចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអណ្តាតភ្លើងដ៏ខ្លាំងក្លា និងផ្សែងខ្មៅក្រាស់កំពុងហុយចេញពីកន្លែងកើតហេតុ។
ក្រសួងសុខាភិបាល និងប្រជាជនអេហ្ស៊ីបបាននិយាយថា គ្រោះថ្នាក់នេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ របួស ២១នាក់ និងបំផ្លាញរថយន្ត និងម៉ូតូចំនួន ២៧គ្រឿង។ អាជ្ញាធរអេហ្ស៊ីបកំពុងប្រមូលគំរូ DNA ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ។
លោក Ali Youssef សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា “ពួកគេមិនមានពេលចេញទេ។ អគ្គីភ័យបានលេបត្របាក់រថយន្ត និងមនុស្សនៅខាងក្នុង”។
ការិយាល័យរដ្ឋអាជ្ញាអេហ្ស៊ីបបានប្រកាសពីការស៊ើបអង្កេតលើមូលហេតុនៃហេតុការណ៍នេះ។ លោកប្រធានាធិបតី Abdel Fattah el-Sisi បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានជូនពរដល់អ្នករងរបួសឱ្យឆាប់ជាសះស្បើយ។
គ្រោះថ្នាក់ចរាចរណ៍គឺជារឿងធម្មតានៅក្នុងប្រទេសអេហ្ស៊ីប ដោយសារហេតុផលផ្សេងៗ រួមទាំងការបើកបរលឿន ការអនុវត្តច្បាប់ចរាចរណ៍មិនតឹងរ៉ឹង និងស្ថានភាពផ្លូវមិនល្អ៕

ដោយ៖ ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច