ព័ត៌មានទាន់ហេតុការណ៍៖

ផ្អាកការធ្វើដំណើរតាមផ្លូវទឹក និងនេសាទបណ្ដោះអាសន្ននៅតំបន់កោះរ៉ុង និងកោះតាង ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិត «នាគមាស ២០២៦»

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កងទ័ពជើងទឹកកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ និងសហគមន៍នេសាទនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ សូមផ្អាកការធ្វើដំណើរ និងការនេសាទជាបណ្ដោះអាសន្ននៅតំបន់ដែនទឹកជុំវិញ កោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ ខណៈកងទ័ពជើងទឹកកម្ពុជា និងចិន កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើផ្ទៃសមុទ្រ។

យោងតាមសេចក្ដីជូនដំណឹងរបស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កំពុងប្រតិបត្តិការសមយុទ្ធរួមគ្នារយៈពេល ១០ថ្ងៃ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌រួមគ្នា» ដែលជាផ្នែកមួយនៃសមយុទ្ធយោធា «នាគមាស ២០២៦»។

ចំណុចសំខាន់ៗដែលប្រជាពលរដ្ឋ និងអ្នកនេសាទត្រូវដឹង៖

១.កាលបរិច្ឆេទ និងទីតាំង៖ ប្រតិបត្តិការធ្វើឡើងនៅដែនទឹកចន្លោះកោះរ៉ុង និងកោះតាង រហូតដល់ថ្ងៃទី៥ ខែធ្នូ ដោយមានការហាត់សមធំនៅថ្ងៃទី៣ ខែធ្នូ និងពិធីបិទបញ្ចប់សមយុទ្ធនៅថ្ងៃទី៥ ខែធ្នូ។

២.សកម្មភាពយោធា៖ មានការចល័តកម្លាំងទ័ព នាវាចម្បាំង យុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាដ្រូន និងការបាញ់គ្រាប់ពិតទាំងលើសមុទ្រ លើគោក និងលើអាកាស។

យ៉ាងណាមិញកងទ័ពជើងទឹកស្នើសុំប្រជាពលរដ្ឋកុំឱ្យមានការភិតភ័យចំពោះសំឡេងផ្ទុះគ្រាប់ពិត ឬសកម្មភាពនាវាចម្បាំង និងសូមជៀសវាងការបើកបរឆ្លងកាត់តំបន់ហាមឃាត់ខាងលើ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងធានាសុវត្ថិភាពសាធារណៈ។

ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានឱ្យថា ក្រៅពីការហ្វឹកហ្វឺនបង្កើនសមត្ថភាពប្រឆាំងភេរវកម្ម ការសង្គ្រោះមនុស្សធម៌ និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន សមយុទ្ធនេះក៏មានការចុះធ្វើសកម្មភាពសង្គម និងមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋនៅក្បែរតំបន់សមយុទ្ធផងដែរ៕

ដោយ៖ សុរិយា


ចែករំលែក៖