ខេត្តតាកែវ៖ រហូតមកដល់រសៀលថ្ងៃទី២៨ខែវិច្ឆិកានេះមន្ទីរការងារខេត្តតាកែវ កំពុងបន្តសម្របសម្រួលកម្មករ និយោជិតនៅ ស៊ីនហេង (ខេមបូឌា) អ៊ីនធើណេសិនណល ត្រេឌីង ឯ.ក ដែលមានសកម្មភាពអាជីវកម្មផ្នែកកាត់ដេរសម្លៀកបំពាក់ បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាម ទារឱ្យក្រុមហ៊ុនដោះស្រាយបញ្ហា និងសំណើចំនួន១៧ ចំណុច ដែលពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត។
ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧៖៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងសហគ្រាសខាងលើ ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ តាមបណ្តោយផ្លូវលេខ១២២ ចន្លោះគីឡូម៉ែត្រលេខ១២-១៣។
យោងតាមរបាយការណ៍បានឱ្យដឹងថា សហគ្រាសនេះមានកម្មករនិយោជិតសរុបចំនួន១,២០០នាក់ ក្នុងនោះស្ត្រីចំនួន៧១៧នាក់ និងជនបរទេសចំនួន១២នាក់ ក្នុងនោះស្ត្រី៦នាក់។ សហគ្រាសមានសហជីពមូលដ្ឋានចំនួន១ គឺសហជីពដើម្បីកម្មករកម្ពុជា។
ចំពោះសំណើទាមទាររបស់កម្មករនិយោជិតទាំង១៧ចំណុច រួមមាន៖
១. ស្នើសុំក្រុមហ៊ុនកុំកាត់ប្រាក់ឈ្នួល នៅពេលកម្មករមានលិខិតបញ្ជាក់ពីគ្រូពេទ្យត្រឹមត្រូវ។
២. ស្នើសុំកុំកាត់ប្រាក់ឈ្នួលស្ត្រីមានផ្ទៃពោះ នៅពេលទៅពិនិត្យសុខភាព។
៣. ស្នើសុំរៀបចំបន្ទប់ទឹកឱ្យបានសមរម្យ និងសុំកុំប្រើប្រាស់កាតនៅពេលចូលបន្ទប់ទឹក។
៤. ស្នើសុំឱ្យប្រាក់បំណាច់ឆ្នាំគិតតាមរយៈពេលបំពេញការងារចំនួន១២ខែ។
៥. ស្នើសុំកុំកាត់ប្រាក់ឈ្នួលច្រើន នៅពេលកម្មករដាក់ពាក្យសុំច្បាប់ឈប់សម្រាក។
៦. ស្នើសុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលតាមប្រព័ន្ធធនាគារ។
៧. ស្នើសុំឱ្យមានការប្រជុំពិភាក្សាជាមួយតំណាងកម្មករជាមុន រាល់ពេលមានការផ្លាស់ប្តូរថ្ងៃឈប់សម្រាកបុណ្យ។
៨. ស្នើសុំឱ្យក្រុមហ៊ុនទូទាត់ប្រាក់ជូនកម្មករភ្លាមៗ នៅពេលបញ្ឈប់ការងារ។
៩. ស្នើសុំកុំបង្ខំកម្មករឱ្យចូលជាសមាជិកសហជីព ដោយគ្មានការយល់ព្រមពីសាមីខ្លួន។
១០. ស្នើសុំឱ្យក្រុមហ៊ុនចុះហត្ថលេខាលើលិខិត នៅពេលកម្មករស្នើសុំលាលែងពីការងារ។
១១. ស្នើសុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលជូនស្ត្រីមានផ្ទៃពោះមុនពេលសម្រាល។
១២. ស្នើសុំឱ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួល៥០ភាគរយ ក្នុងករណីគ្មានការងារឱ្យកម្មករធ្វើ។
១៣. ស្នើសុំឱ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលតាមច្បាប់ នៅពេលកម្មករធ្វើការចំថ្ងៃបុណ្យ។
១៤. ស្នើសុំឱ្យអ្នកគ្រប់គ្រងជនជាតិចិន ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីឱ្យបានសមរម្យចំពោះកម្មករ។
១៥. ស្នើសុំឱ្យក្រុមហ៊ុនដកបុគ្គលិកផ្នែករដ្ឋបាល។
១៦. ស្នើសុំក្រុមហ៊ុនកុំកាត់ប្រាក់ឈ្នួលក្នុងអំឡុងពេលធ្វើកូដកម្មនៅថ្ងៃនេះ។
១៧. ស្នើសុំក្រុមហ៊ុនកុំបិទទ្វារច្រកចូលមុនម៉ោង៧៖០០នាទីព្រឹក។
ក្រោយមានករណីនេះមន្ត្រីមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំង ដើម្បីចូលរួមសម្របសម្រួល និងស្វែងរកដំណោះស្រាយចំពោះសំណើរបស់កម្មករនិយោជិត។
ក្នុងនោះ លោក ឯក ពុទ្ធិ អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ កំពុងចូលរួមសម្របសម្រួលជាមួយតំណាងកម្មករនិយោជិត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីពិភាក្សាដោះស្រាយបញ្ហាដែលបានលើកឡើង។
យ៉ាងណាក៏ដោយ ស្ថានភាពនៃការសម្របសម្រួល និងលទ្ធផលនៃការដោះស្រាយយ៉ាងណានោះ នឹងត្រូវរង់ចាំការបញ្ជាក់បន្ថែមពីមន្ត្រីពាក់ព័ន្ធ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច