ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសាមគ្គីមុនីជ័យឃាត់ខ្លួនជនសង្ស័យម្នាក់គប់កញ្ចក់រថយន្ត និងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួនក្រោយពីរូបគេបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រជាពលរដ្ឋតាមផ្លូវនិងកាន់កាប់អាវុធខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះនៅថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២៦ វេលាម៉ោង០០និង៣០នាទី នៅតាមបណ្ដោយផ្លូវកៅស៊ូ1KS2 ស្ថិតនៅចំណុចភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០១នាក់ ឈ្មោះ ឡេង នីម (ហៅក្រច់) ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពយកវត្ថុរឹងគប់ទៅលើកញ្ចក់រថយន្ត០១គ្រឿង ម៉ាកHiNo ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 3A-4393 ជាប្រភេទរថយន្តសណ្ដោងរម៉កដឹកស្រូវ ដែលជនរងគ្រោះកំពុងបើកបរដឹកស្រូវក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខមួយផ្ទាំង ។

ចំណែកជនរងគ្រោះជាតៃកុងរថយន្តឈ្មោះ រដ្ឋា វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្រោយកើតហេតុភ្លាមៗបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ។

ដកហូតវត្ថុតាង

-ដុំថ្ម១

-ដាវ០១ដើម

-ដែកឆាប០១ដើម

ហើយបច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់នៅអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖