ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រ ហ៊ុង ហ៊ីងនៅក្រុងច្បារមនដែលរងការឆាបឆេះម្សិលមិញ ត្រូវបានក្រុមកម្មករចូលបម្រើការងារវិញជាធម្មតានៅថ្ងៃនេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មន្ត្រីមូលដ្ឋានក្រុងច្បារមនបានឲ្យដឹងថា កម្មករនិយោជិតនៃរោងចក្រ ហ៊ុង ហ៊ីង មេធល មេនូ ហ្វេកធើរី (ខេមបូឌា) ឯ.ក បានចូលបម្រើការងារវិញជាធម្មតានាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោមការអន្តរាគមន៍របស់មន្ត្រីជំនាញក្រសួងការងារ អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធ ក្រោយមានឧប្បត្តិហេតុអគ្គិភ័យកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ម្សិលមិញ។

អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា លើកឡើងថា ការវិលត្រឡប់មកបំពេញការងារវិញយ៉ាងឆាប់រហ័សនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត និងការជួយសម្រប សម្រួលពីសំណាក់មន្ត្រីជំនាញក្រសួងការងារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាសុវត្ថិភាព និងរក្សាអត្ថប្រយោជន៍ការងារជូនបងប្អូនកម្មករនិយោជិត។

សូមបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុអគ្គិភ័យនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញក្រសួង និងមន្ទីរការងារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះដល់ទីតាំងរោងចក្រ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីសម្រប សម្រួលឱ្យកម្មករចាកចេញទៅកាន់ទីសុវត្ថិភាព។ ក្រុមបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានគ្រប់គ្រងអគ្គិភ័យទាំងស្រុងនៅថ្ងៃដដែល និងទប់ស្កាត់ការរាលដាលទៅអគារផ្សេងទៀត ដោយពុំមានកម្មករនិយោជិតណាម្នាក់រងរបួសឡើយ៕

ដោយ៖ សុរិយា


ចែករំលែក៖